ពលរដ្ឋខ្វះខាត៣គ្រួសារនៅភូមិគោដួល ឃុំត្រពាំងក្រសាំង ទទួលអំណោយពីព្រះចៅអធិការវត្តបឹងខ្យាង
ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣គ្រួសារ រស់នៅភូមិគោដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ដែលមានការខ្វះខាត បានទទួលអំណោយពីព្រះចៅអធិការវត្តបឹងខ្យាង ព្រះនាម ជួន មករា។
អំណោយដែលនាំយកទៅចែកជូនពលរដ្ឋមានជីវភាពខ្វះខាតនោះ មួយគ្រួសារៗទទួលបាន៖ អង្ករ១បាវ មី១កេះ ត្រីខ១យួ ទឹកត្រី១យួ និងថវិការ៥0000រៀល។
ព្រះតេជគុណ ជួន មករា ព្រះចៅអធិការវត្តបឹងខ្យាង មានសង្ឃដីកាថា អំណោយដែលនាំយកមកចែកជូនប្រជាពលរដ្ឋក្រីក្រទាំង៣គ្រួសាររស់នៅក្នុងឃុំគោដួល តាមរយៈលោក ផេង អ៊ី ចាងហ្វាងគេហទំព័រឥន្រ្ទីមាស ថ្វីត្បិតតែតិចតួចក៏ពិតមិនមែន ប៉ុន្តែរំពឹងថា នឹងអាចជួយជីវភាពញ្ញាតិញោមបានមួយគ្រាដែរ។
សូមបញ្ជាក់ថា ពលរដ្ឋទាំង៣គ្រួសារ ពួកគាត់ជាស្រ្តីមេមាយ មានជំងឺប្រចាំកាយ និងខ្វះខាតក្នុងជីវភាព ។ ដោយមើលឃើញពីស្ថានភាពនេះហើយ ទើបលោក ផេង អ៊ី ចាងហ្វាងគេហទំព័រឥន្រ្ទីមាស ស្វះស្វែងរកជំនួយពីសប្បុរសជននានា ដើម្បីជួយដល់គ្រួសារខ្វះខាតទាំងនោះ ៕