ក្រសួងសាធារណការ ៖ សត្វពាហនៈ និងសត្វចិញ្ចឹមគ្រប់ប្រភេទ មិនត្រូវបានអនុញ្ញាតឱ្យដើរ ឬឆ្លងកាត់ផ្លូវល្បឿនលឿន ជាដាច់ខាត
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃនេះ (២៩ កញ្ញា) បានបញ្ជាក់ទៅដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការ ក្នុងការគ្រប់គ្រងសត្វពាហន ឬសត្វចិញ្ចឹមគ្រប់ប្រភេទ កុំឱ្យដើរ ឬឆ្លងកាត់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ជាដាច់ខាត។
ក្រសួងបានបញ្ជាក់ថា ករណីអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងខូចខាតទ្រពសម្បត្តិ (យានយន្ត និងសត្វពាហនៈ…) ជាពិសេសបុគ្គលដែលកាន់កាប់សត្វ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដល់អ្នកដទៃ បង្កឡើងដោយសត្វដែលខ្លួនបានកាន់កាប់(មាត្រា៧៥០ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧) ។
សូមបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ឡើយ។ ផ្លូវនេះ មានផ្លូវឆ្លងកាត់ទទឹងក្រោមដី ២០១កន្លែង និងស្ពានរំលងកាត់ទទឹង ២០ស្ពាន សម្រាប់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីចង់ឆ្លងកាត់ ដោយមិនប៉ះពាល់ដល់ចរាចរណ៍ លើផ្លូវល្បឿនលឿនឡើយ។
ផ្លូវល្បឿនលឿននេះ មានរបងសុវត្ថិភាព ដែលការពារមិនឱ្យមានការឆ្លងកាត់ពីអ្នកថ្មើរជើង សត្វពាហនៈ ឬមធ្យោបាយផ្សេងៗទៀត។ កន្លងមក របងនេះត្រូវបានកាត់ជាច្រើនកន្លែង ដើម្បីចេញចូលដោយគ្មានការអនុញ្ញាត ហើយក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមានសមត្ថកិច្ច និងក្រុមហ៊ុនសាងសង់ ក៏បានចុះធ្វើការណែនាំជារឿយៗផងដែរ៕