ព័ត៌មានជាតិ

ពុទ្ធបរិស័ទ្ទ​ផ្ទុះការ​មិន​ពេញ​ចិត្ត ក្រោយ​មានការ​តែងតាំង ភិក្ខុ ញឹម សុភា ជាចៅអធិការវត្ត​កំពង់ហ្លួង

ខណៈអាជ្ញាធរ​ស្រុកអង្គរបុរី​ បានធ្វើ​ការ​ប្រកាស​តែងតាំង​ ភិក្ខុ ញឹម សុភា ជា​ចៅអធិការវត្ត​កំពង់ហ្លួង ស្ថិត​នៅ​ក្នុង​ឃុំអង្គរបូរី កាលពីចុងសប្តាហ៍​នេះ ក៏​មាន​លោកតាលោកយាយជាពុទ្ធបរិស័ទ្ទចំណុះជើងវត្ត បានធ្វើ​ញត្តិ​មិន​គាំទ្រ។

ក្នុងញត្តិនោះ បានលើក​ឡើងដោយ​បដិសេធ​មិន​គាំទ្រ​ចំពោះ​សាលា​គណខេត្ត​តាកែវ ដែលបាន​ចេញ​សេចក្តីសម្រេច​តែងតាំង​ ភិក្ខុ ញឹម សុភា ជា​ចៅ​អធិការវត្ត​សំបួរសាគរ ហៅវត្តព្រៃផ្គាំ ឲ្យ​ឡើងជា​អធិការ​វត្ត​កំពង់ហ្លួង ដែល​មិន​បាន​ប្រជុំ​ឯកភាព​ឲ្យ​ស្រុះស្រួល​គ្នា​ជាមួយ​អាចារ្យ គណៈកម្មការ និង​មេវេន ព្រមទាំងពុទ្ធ​បរិស័ទ​ចំណុះ​ជើងវត្ត​កំពង់ហ្លួង។

ពុទ្ធបរិស័ទ្ទ​ដែល​ផ្តិតមេដៃ​នៅ​ក្នុង​ញត្តិ​នោះ ក៏​បាន​សម្តែង​ការ​មិន​គាំទ្រ​ចំពោះ​ភិក្ខុ ញឹម សុភា ដោយ​ថា អសមត្ថភាព​គ្រប់គ្រង ដឹកនាំ ឲ្យ​ឡើង​ជា​ចៅអធិការ​វត្ត​កំពង់ហ្លួង ហើយថា ពួក​គាត់នឹង​មិន​អនុញ្ញាត​ឲ្យ​គង់នៅវត្ត​កំពង់ហ្លួងបន្ត​ទៀតបាន​ឡើយ។

ចំពោះករណីនេះ យើង​មិន​អាច​ស្វែង​រក​ការ​បំភ្លឺពីសាលាគណខេត្តតាកែវបានទេ​នៅថ្ងៃនេះ ចំពោះ​ករណីតែងតាំង​ភិក្ខុ ញឹម សុភា ជា​ចៅអធិការវត្ត​កំពង់ហ្លួង ដោយ​គ្មានការ​ឯកភាព​ពីគណៈកម្មការ​វត្ត និង​ពុទ្ធបរិសទ្ទ​ចំណុះ​ជើងវត្តនោះ។

បើតាម​សេចក្តីរាយការណ៍ថា ក្នុង​ការ​ចុះ​តែងតាំង​​ភិក្ខុ ញឹម សុភា ជា​ចៅអធិការវត្ត​កំពង់ហ្លួង ដែលធ្វើ​ឡើង​កាលពីថ្ងៃទី២០ ខែសីហានោះ គេឃើញការធ្វើពិធីតែងតាំង​បានធ្វើ​ឡើង​យ៉ាង​ប្រញាប់ប្រញាល់បំផុត ដោយ​មានការ​ចូលរួមពីបាឡាត់ គណៈគណខេត្តតាកែវ អនុគណស្រុកអង្គរបុរី អភិបាលរងទទួលបន្ទុកការងារសាសនា សាមណេរសង្ឃ យុវជនក្មេងវត្តជាដើម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *