បង្រ្កាបករណីជួញដូរគ្រឿងញៀននៅស្រុកព្រៃកប្បាសមួយករណីទៀត
(តាកែវ) ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២ ម៉ោង១៧និង១០នាទី លោកវរសេនីយ៍ឯកឡេងប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្ដៅ បានចុះបង្ក្រាបករណីដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនមួយករណីស្ថិតក្នុងភូមិព្រៃភ្ញី ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ជនសង្ស័យក្នុងករណីនេះ ឈ្មោះ កែវ ឧត្ដម ហៅ ប៉ិ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅ ភូមិព្រៃភ្ញី ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ជាមួយគ្នាសមត្ថកិច្ចក៏ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀនចំនួន០២កញ្ចប់ ទូរស័ព្ទដៃចំនួន ០១ គ្រឿង (ម៉ាកណូគាអិនចុចពិល) ម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅសេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ1IC-7480 ជាមុខសញ្ញាមានដីកាចាប់ខ្លួនពាក់ពាន់ករណីជួញដូរ នឹងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លេខ៣០៤ចេញដោយលោក នូ ដារ៉ា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តតាកែវ
បន្ទាប់មកកម្លាំងយើងបាននាំខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងមកកាន់ អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕