សម្តេតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងបាងកក ប្រទេសថៃដោយសុវត្តិភាព
សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជេីញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់ទីក្រុងបាងកក ប្រទេសថៃដោយសុវត្តិភាពនៅម៉ោង៩ និង២០នាទី ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះហេីយ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
វត្តមាននៃការអញ្ជើញដល់ របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់មន្ត្រីនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ មន្ត្រីអង្គទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា នាទីក្រុងបាងកកនេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។
តាមកម្មកម្មវិធីថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជេីញចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ (ពេញអង្គ) និងអញ្ជេីញចូលរួម ពិធីចុះហត្ថលេខាលេីអនុស្សារណៈនៃការយោគយល់រវាងអាស៊ាន និងសហគមន៍នៃសហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA)។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន។ កិច្ចពិភាក្សាពាក់ព័ន្ធបញ្ហារបស់អាស៊ាន ប្រទេសក្នុងតំបន់ និងលើពិភពលោកជាច្រើនត្រូវបានលើកមកជជែក និងស្វែងរកដំណោះស្រាយក្នុងកិច្ចប្រជុំនេះ៕