ក្រសួងសាធារណការ រកចំណូលបានជាង ៧០លានដុល្លារ ពីការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន
មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតចាប់ពីខែកញ្ញា ឆ្នាំ២០១៦ មកដល់ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងបានចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) បានចំនួន ២០១,៩៨០ លេខ ដោយទទួលបានចំណូលសរុប ចំនួន ២៨០ ៧២៨ ២២៨ ៨០០ រៀល ឬស្មើនឹង ៧០ ១៨២ ០៥៧ ដុល្លារអាមេរិក។
ដោយឡែក ចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ក្នុងឆ្នាំ២០២១ ទទួលបានចំណូលថវិកាសរុប ចំនួន ៦៨ ៦៤៦ ៣៤២ ៣០០ រៀល កើនឡើងប្រមាណ ៩% ធៀបនឹងឆ្នាំ២០២០។
នៅក្នុងកិច្ចប្រជុំពិភាក្សា លើរបាយការណ៍វឌ្ឍនភាព នៃការលក់លេខចុះបញ្ជីរថយន្ត កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួង គ្រប់គ្រងការលក់ លេខចុះបញ្ជីរថយន្ត បានមានប្រសាសន៍ឱ្យដឹងថា៖ អន្តរក្រសួង បានជ្រើសរើស ក្រុមហ៊ុនគោលដៅចំនួន១៤ ក្រុមហ៊ុន ដើម្បីជំរុញការលក់លេខពិសេស ផ្ទាល់ខ្លួន ក្នុងតម្លៃឯកភាព ព្រមព្រៀងណាមួយ ការពិនិត្យលើបញ្ជីឈ្មោះ ម៉ាក កម្មសិទ្ធិបញ្ញា ដែលទទួលបានពី ក្រសួងពាណិជ្ជកម្ម មានជាង ៦ ម៉ឺន ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ និងការសហការ រវាងអនុគណៈកម្មការបច្ចេកទេសរៀបចំ បញ្ចូលទៅក្នុងប្រព័ន្ធ គោលការណ៍ ក្នុងការចាប់សញ្ញាចុច (DOT) ក្នុងការគណនាតម្លៃលេខទាំងឡាយណា ដែលមាន តួលេខ១៦៨ ការកែសម្រួលអត្រារូបមន្ត ដែលទើបបង្កើតថ្មី ចំនួនជាង ៦០០ រូបមន្ត និងបញ្ជី ឈ្មោះក្រុមហ៊ុន ពីក្រសួងពាណិជ្ជកម្មផងដែរ៕