ព័ត៌មានជាតិ

ក្រសួង​អប់រំ ណែនាំ​៤​ចំណុច ស្ដីពី​វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ នៅតាម​សាលា​រដ្ឋ និង​ឯកជន

ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២ បានចេញ​សេចក្តីណែនាំ​ចំនួន​៤​ចំណុច ស្ដីពី​វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ នៅតាម​សាលា​រដ្ឋ និង​ឯកជន​។​

​ក្រសួង​អប់រំ បាន​សង្កេតឃើញថា សិស្សានុសិស្ស​មួយចំនួន​យល់ច្រឡំ​ថា ថ្ងៃទី​១៤ កុម្ភៈ ជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​។ ទិវា​នេះ​ពុំមែន​ជា​ប្រពៃ​ណិ​របស់​ជនជាតិខ្មែរ​យើង​ទេ​។ យុវជន​មួយចំនួន​តូច បាន​ប្រព្រឹត្ត​សកម្មភាព​ភ្លើតភ្លើន ភ្លេច​ការសិក្សា បាត់បង់​សេចក្ដី​ថ្លែ​ថ្នូរ​បុគ្គល និង​ក្រុមគ្រួសារ ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​ជាតិខ្មែរ​។​

​ដើម្បី​បន្ត​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង នៅតាម​គ្រឹះស្ថានសិក្សា និង​ដើម្បី​បន្ត​ចូល​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​ធ្វើ​ការណែនាំ​ស្តីពី វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ ២០២២ ដូចតទៅ​៖

១៖ គ្រប់​អ្នកពាក់ព័ន្ធ​ត្រូវ​ផ្សព្វផ្សាយ ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ ដើម្បី​កុំឱ្យ​មានការ​យល់​ខុស អំពី​អត្ថន័យ​នៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​។​

២៖ គ្រប់​គ្រឹះស្ថានសិក្សា និង​ថ្នាក់រៀន​ត្រូវ​ពង្រឹង​ការអនុវត្ត​វិន័យ​ឱ្យបាន​ម៉ឺងម៉ាត់ ជាពិសេស​លើ​ការគ្រប់គ្រង​សីលធម៌ ដោយ​ត្រូវ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប្រចាំ​។​

៣៖ ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព «​មិត្ត​អប់រំ​មិត្ត​»​។​

៤៖ ត្រូវធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា អ្នកអាណាព្យាបាល និង​សហគមន៍​ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន​នានា ពាក់ព័ន្ធ​នឹង​សកម្ម​ភាពមិនប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី​សហការ​ទប់ស្កាត់​អប់រំ​ណែនាំ និង​កែលម្អ​សិស្សានុសិស្ស បាន​ទាន់ពេលវេលា​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *