ព័ត៌មានជាតិ

កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវ ១៨៤នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅប្រទេសលីបង់

កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ កងទ័ពមួកខៀវប្តូរវេនរបស់កម្ពុជាចំនួន ១៨៤នាក់ ក្នុងនោះមានស្ត្រីចំនួន២៩នាក់ បានចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់។

សម្រាប់កម្លាំងកងទ័ពមួកខៀវ ដែលបញ្ជូនទៅបំពេញបេសកកម្មនោះរួមមាន៖ កងវិស្វកម្មពហុជំនាញ លេខ៨២៩ ចេញបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមបានបញ្ជាក់ថា បេសកកម្មនៅសាធារណរដ្ឋលីបង់ ជាឆ្នាំទី១២ហើយ ដែល​កងវិស្វកម្មពហុជំនាញលេខ៨២៩ ក៏ជាកងទី១២ ដែលបានចូលរួមចំណែកទទួលបានទំនុកចិត្ត និងភារកិច្ចពីអង្គការសហប្រជាជាតិ ក្នុងការចូលរួមចំណែកស្វែងរកសុខសន្តិភាព ជូនប្រទេសដែលរងជម្លោះដូចបណ្តាប្រទេសមុនៗដែរ។

គួរ​បញ្ជាក់ដែរថា គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *