៨ខែ ឆ្នាំ២០២១នេះ កម្ពុជានាំទំនិញចេញទៅក្រៅប្រទេសបានជាង ១១ពាន់លានដុល្លារ
របាយការណ៍ក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២១នេះ ការនាំចេញរបស់កម្ពុជា មានចំនួន១១,០៨៦លានដុល្លារ តែចំនួននេះ ធ្លាក់ចុះ៥.៣៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។
មុខទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញ រួមមាន៖ សម្លៀកបំពាក់, ស្បែកជើង, សម្ភារៈធ្វើដំណើរ (កាបូប) ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនី, កង់, អង្ករ, គ្រឿងសង្ហារឹម និងបរិធានបំភ្លឺ, កៅស៊ូក្រែប, ស្ករអំពៅ, បន្លែ និងផ្លែឈើ, និងមុខទំនិញផ្សេងៗ ជាច្រើនទៀត។ ខណៈទំនិញដែលកម្ពុជាបាននាំចូល រួមមាន៖ វាយនភ័ណ្ឌ, សម្ភារៈសំណង់, ដែក, ស៊ីម៉ង់ត៍, ទឹក រួមទាំងទឹករ៉ែ និងទឹកមានឧស្ម័ន, ស្រាបៀរ និងស្រាចម្រុះ, រថយន្ដ, ផលិតផលឱសថ, ជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត ឬ ស្មៅ, គ្រឿងអេឡិចត្រូនិក និងសម្ភារៈអគ្គិសនី និងមុខទំនិញផ្សេងៗ ជាច្រើនទៀត។
សូមបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ សរុប១៧,២១៥លានដុល្លារ កើនឡើង១៦.៧២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន ១៤,៧៤៨ លានដុល្លារ ខណៈការនាំចូល សរុប១៨,៥៩០លានដុល្លារ ថយចុះ៧.៨៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន២០,១៧១លានដុល្លារ៕