កូវីដ១៩ ប្រភេទអាល់ហ្វា បន្តបំប្លែងខ្លួនទៅជា E484K អាចកាត់ផ្តាច់ប្រព័ន្ធភាពស៉ាំរបស់មនុស្ស
បើតាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា វីរុសកូវីដ១៩ ប្រភេទអាល់ហ្វា ត្រូវបានគេរកឃើញនូវការបំប្លែងខ្លួនរបស់វាទៅជាប្រភេទ E484K ដែលធ្វើឱ្យពិភពលោកមានការព្រួយបារម្ភ ព្រោះតែអ្នកវិទ្យាសាស្រ្តមានការសង្ស័យថា វីរុសនេះ អាចទៅកាត់ផ្តាច់ឬ ធ្វើដំណើរឆ្លងកាត់បាន ទៅនឹងប្រព័ន្ធភាពសុំារបស់មនុស្សបាន។
លោកជំទាវបញ្ជាក់ថា តាម រយៈនេះ ទើបមានការអំពាវ នាវឱ្យបណ្តាប្រទេសទាំងអស់ ត្រូវខិតខំទប់ស្កាត់ ធ្វើយ៉ាង ណាកុំឱ្យវីរុសប្រភេទ E484K ចរាចរណ៍ក្នុងលក្ខណៈទូលំទូលាយ នឹងធ្វើឱ្យវីរុសនេះមានលទ្ធភាព ក្នុងការបំប្លែងខ្លួនតទៅទៀត ខណៈ ដែលពពួកអាល់ហ្វាបានចរាចរណ៍ ១៨២ប្រទេសទៅហើយនៅលើសកលលោក។
«វីរុសដែលបំប្លែងថ្មីនេះ យើងសង្កេតឃើញថាវា បានធ្វើឱ្យមានការប៉ះពាល់ទៅ ដល់សួត យើងយ៉ាងធ្ងន់ធ្ងរ នេះគឺជាការសង្កេតរបស់យើង ហើយអ្នកវិទ្យាសាស្ដ្រក៏គេសង្កេតឃើញអ៊ីចឹងដែរ។អ៊ីចឹង ហើយបានជាយើងត្រូវការមានការប្រុងប្រយ័ត្នខ្ពស់ ហើយយើងកុំមើលស្រាលទៅលើលទ្ធភាពនៃការចម្លងរបស់វីរុសកូវីដ១៩ ជាពិសេសគឺ ពពួកអាល់ហ្វានិងដែលតា ។ ហើយបច្ចុប្បន្ននេះគឺដែល តាហ្នឹងហើយ។ ហើយកម្ពុជារបស់យើងបានរកឃើញអាពពួកដែលតា ជាង៣០០ ករណីទៅហើយ ហើយប្រសិនបើលទ្ធភាពចម្លងបន្តទៅទៀតច្រើន ដូច្នេះយើងត្រូវតែប្រឹងទប់ទល់កុំឱ្យវារីករាលដាលធំធេង ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ដែលយើងអាចនឹងរស់នៅក្នុងបរិបទដែលមានវីរុសកូវីដ១៩ផង ហើយយើងក៏ត្រូវចេះការពារខ្លួនយើងកុំឱ្យឈឺផង»។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា វីរុសកូវីដ ១៩ ប្រភេទបំប្លែងថ្មីនៅក្នុងប្រទេសកម្ពុជា មានអាល់ហ្វានិងដែលតា ខណៈដែលវីរុសកូវីដ១៩ បំប្លែងថ្មីទៀតប្រភេទ E484K ដែលជាវីរុសបំប្លែងខ្លួនពីអាល់ហ្វា មិនទាន់រកឃើញនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែទាមទារឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន៕