ព្យុះមួយនឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជា ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្តាក់
តាមសេចក្តីជូនដំណឹងថ្មីមួយរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី១៩ កក្កដានេះ បានបញ្ជាក់ថា នៅព្រឹកមិញនេះ វិសម្ពាធមួយដែលស្ថិតនៅក្នុងសមុទ្រចិនគៀកនឹងហុងកុង បានបង្កើនឥទ្ធិពលទៅជាកូនព្យុះទី៧ ឈ្មោះ សេមប៉ាកា នៅភាគខាងលើសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះចូលទៅភាគខាងត្បូងប្រទេសចិន។
យោងតាមការព្យាករ ជ្រលង នៃកូនព្យុះ សេមប៉ាកា រួមជាមួយខ្យល់មូសុងនិរតីខ្លាំង ដោយភ្ជាប់ជាមួយប្រព័ន្ធសម្ពាធទាប ITCZ នឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ កក្កដា ដោយធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់រាយប៉ាយពីបង្កយរទៅច្រើន លាយឡំជាមួយខ្យល់កន្រ្តាក់ក្នុងកម្រិតខ្លាំង។
សម្រាប់បណ្តាខេត្តនៅតាមតំបន់ដងទន្លេមេគង្គ ជួរភ្នំដងរែក និងជួរភ្នំក្រវាញ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន លាយឡំជាមួយខ្យល់កន្រ្តាក់ក្នុងកម្រិតខ្លាំង។
ដោយឡែកតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ និងខេត្តកោះកុង ចំណែកនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕