មន្រ្តីចុះល្បាតទប់ស្កាត់បទល្មើសនេសាទ បែរជាជួបទូកដឹកគ្រឿងញៀនមួយទូក
ស្ទឹងត្រែង — មន្ត្រីឧទ្យានុរក្សសហការជាមួយកម្លាំងប្រជាសហគមន៍នេសាទចំនួន៣នាក់ ចុះល្បាតទប់ស្កាត់បទល្មើសនេសាទខុសច្បាប់នៅរដូវបិទនេសាទក្នុងភូមិសាស្ត្រតំបន់រ៉ាមសារជាប្រចាំរាល់ថ្ងៃ តែជាចៃដន្យ ក៏បានជួបជាមួយក្រុមដឹកគ្រឿងញៀន។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលម៉ោង១ និង៣០នាទីថ្ងៃទី០៦ មិថុនា ស្ថិតក្នុងភូមិសាស្ត្រភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅពេលកម្លាំងសមត្ថកិច្ចបានបើកទូកចុះល្បាតដល់ចំណុច ប៊ុងក្រាក់ ក្បាលភូមិវ៉ើនសៀន កងកម្លាំងដែលជាមន្ត្រីឧទ្យានុរក្ស បានប្រទះឃើញអ្នកបើកទូក១គ្រឿងគួរឱ្យសង្ស័យ ទើបកងកម្លាំងបើកទូកដេញតាមពីក្រោយរហូតដល់ចំណុចក្បាលកោះតាហឿង ស្ថិតក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ជនសង្ស័យភ័យខ្លួន ក៏បានបើកទូកបុកច្រាំង ហើយរត់គេចខ្លួនបាត់ បន្សល់ទុកវត្ថុតាងរួមមាន ៖ ទូក១គ្រឿង ម៉ាស៊ីនម៉ាកTBC ១គ្រឿង និងការ៉ុងផ្ទុកដោយវត្ថុសង្ស័យជាសារធាតុញៀនចំនួន២ការ៉ុងធំ ក្នុងនោះការ៉ុងមួយចងមាត់ជិត និងការ៉ុងមួយទៀតរហែកម៉ាត់។
សមត្ថកិច្ចបានឱ្យដឹងបន្តថា ក្រោយពីមានការសង្ស័យលើវត្ថុនៅក្នុងការ៉ុង កងកម្លាំងនៃមន្ត្រីឧទ្យានុរក្ស ក៏បានទាក់ទងសុំការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យឱ្យចុះជួយមកពិនិត្យវត្ថុតាងទាំងនោះ ហើយខាងអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ ក៏បានធ្វើកំណត់ហេតុរួចបញ្ជូនវត្ថុតាងទាំងនោះមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី៕