ធនាគារជាតិ ៖ វិស័យចម្បង៣ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាបន្តសម្រេចបានកំណើនវិជ្ជមាន
របាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅ៦ខែមកនេះបន្តសម្រេចបានកំណើនវិជ្ជមាន ក្រោមការជួយជ្រោមជ្រែងដោយវិស័យសំខាន់ៗចំនួន៣។ វិស័យទាំង៣រួមមាន វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យសំណង់។ ធនាគារជាតិមានសុទិដ្ឋិនិយមដូច្នេះ បើទោះបីជាវិស័យកម្មន្តសាលបានធ្លាក់ចុះដោយសារតម្រូវការខាងក្រៅបានថមថយក៏ដោយ។
បើតាមរបាយការណ៍របស់ធនាគារជាតិដដែល វិស័យទេសចរណ៍នៅ៦ខែឆ្នាំ២០២៣ មានកំណើនខ្ពស់។ ជាក់ស្តែងភ្ញៀវអន្តរជាតិចូលមកប្រទេសកម្ពុជាមានចំនួន២,៦លាននាក់ ក្នុងនោះភ្ញៀវជនជាតិថៃនៅតែជាឈរកំពូលតារាងច្រើនជាងគេបន្ទាប់មកភ្ញៀវវៀតណាម និងតាមពីក្រោយដោយភ្ញៀវចិន។ ទោះបីជាមានកំណើនគួរកត់សម្គាល់តែ ធនាគារជាតិកត់សម្គាល់ថា ភ្ញៀវបរទេសចូលមកម្ពុជានៅតែមានតិចជាងមុនពេលមានវិបត្តិកូវីដ១៩ចំនួន៣,៣លាននាក់។ដោយឡែកសម្រាប់ចរន្តភ្ញៀវទេសចរក្នុងស្រុកវិញ ក៏មានភាបប្រសើរឡើងដែរពោលគឺបានកើនឡើង ៧៣,២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយបើធៀបនឹងកាលពីមុនវិបត្តិកូវីដ១៩គឺភ្ញៀវក្នុងស្រុកកើនឡើង២ដង។
វិស័យជន្ទល់មួយទៀត គឺវិស័យកសិកម្ម ដែលត្រូវបានធនាគារជាតិអះអាងថារក្សាបានកំណើនល្អ។ របាយការណ៍បង្ហាញថា ផលស្រូវរដូវប្រាំងបានកើនឡើង ១៣ភាគរយផ្ទៃដីដាំដុះស្រូវរដូវវស្សាកើនឡើង ១៨,៧ភាគរយ។ ដោយឡែកទិន្នផលកៅស៊ូបានកើនឡើង ០,១ភាគរយ រីឯតម្លៃកៅស៊ូវិញបានធ្លាក់ចុះតម្លៃអស់ ១៥,៨ភាគរយ។ យ៉ាងណាក៏ដោយ សម្រាប់ទិន្នផលវារីវប្បកម្មវិញ គឺផលនេសាទទឹកសាបកើនឡើង ៥,១ភាគរយ ផលនេសាទសមុទ្រកើនឡើង ៣៤,១ភាគរយ និងផលវារីវប្បកម្មកើនឡើង២,៩ភាគរយ។
វិស័យចម្បងទី៣គឺវិស័យសំណង់ និងអចលនទ្រព្យ ដែលបានបង្ហាញពីសញ្ញាងើបឡើងវិញ។ ជាក់ស្តែងការនាំចូលគ្រឿងសម្ភារនិងបរិក្ខារសំណង់កើនឡើង ០,៤ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមានតម្លៃប្រមាណ ៩១១លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះតម្លៃលំនៅឋាន បន្តឡើងថ្លៃដដែល ដែលនេះបង្ហាញពីតម្រូវការលំនៅឋានបន្តកើនឡើងដូចគ្នា។ ក្នុងនោះលំនៅឋានក្នុងរាជធានីភ្នំពេញកើនតម្លៃ៦,៩ភាគរយ និងនៅតាមបណ្តាខេត្តកើនឡើង៥,៣ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
សូមជម្រាបថា ធនាគារជាតិនៃកម្ពុជាបានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ថានឹងបន្តសម្រេចបានក្នុងរង្វង់៦% ខណៈដែលសេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករថា នឹងមានកំណើន៣%។ ដោយឡែក សម្រាប់សេដ្ឋកិច្ចនៅតំបន់អាស៊ានក្នុងឆ្នាំ២០២៣វិញ ត្រូវបានគេព្យាករថាមានកំណើន៤,៦% ខណៈកាលពីឆ្នាំ២០២២ មានកំណើន៥,៥%៕