ព័ត៌មានជាតិ

កំពង់ចម្លងជ្រោយចង្វា និង​កំពង់ចម្លងអរិយក្សត្រ ផ្អាកសកម្មភាពមួយព្រឹកនៅថ្ងៃទី១ កក្កដា

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្តីពីការផ្អាកជាបណ្ដោះអាសន្នកំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៥:០០នាទីព្រឹក រហូតដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជានឹងរៀបចំពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៦:០០នាទីព្រឹក នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង ៧ម៉ឺននាក់ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងអំឡុងពេលនៃការប្រារព្ធពិធីខាងលើនេះ នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងតំបន់ជុំវិញអាចមានចរាចរមមាញឹកជាខ្លាំងដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក សមាជិកា ដែលចូលរួម ដូចនេះសូមប្រជាពលរដ្ឋទាំងឡាយណាដែលពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរជុំវិញ ទីតាំងប្រារព្ធពិធីឡើយ។

រដ្ឋបាលរាជធានីភ្នំពេញ សុំការយោគយល់ អធ្យាស្រ័យ ចំពោះការផ្អាកជាបណ្តោះអាសន្នកំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញ តាមកាលបរិច្ឆេទខាងលើ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើក ឱ្យចរាចរជាធម្មតាវិញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *