ព័ត៌មានជាតិ

កម្ពុជា ទទួលចំណូងជាង៤លានដុល្លារ ពីការនាំចេញខ្សាច់ទៅក្រៅប្រទេស ក្នុងរយៈពេល៩ខែឆ្នាំនេះ

ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២នេះ កម្ពុជា ទទួលបានចំណូលសួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ ពីអាជីវកម្មខ្សាច់ បានជាង១៣លានដុល្លារ ក្នុងនោះ ជាង៤លានដុល្លារ បានពីការនាំចេញខ្សាច់ទៅក្រៅប្រទេស។

លោក អ៊ឹង ឌីប៉ូឡា ​អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ​បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ យើងទទួលបានចំណូលពីសួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ ចំនួន១៣,៤២២,៣៧៦ដុល្លារ ក្នុងនោះខ្សាច់នាំចេញទៅក្រៅប្រទេស ចំនួន៤,១៧៧,៩៥១ដុល្លារ។

លោកបានអះអាងថា នាយកដ្ឋានអាជីវកម្មរ៉ែខ្សាច់សំណង់ នៃក្រសួងរ៉ែ និងថាមពល បានខិតខំពង្រឹងការគ្រប់គ្រង ការធ្វើអាជីវកម្មឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ជាធរមាន និងស្របតាមគោលការណ៍ ដែលធ្លាប់បានអនុវត្តកន្លងមក ព្រមទាំងស្របតាមគោលការណ៍ណែនាំ របស់ថ្នាក់ដឹកនាំក្រសួងផងដែរ។

ដើម្បីជំរុញអាជីវកម្មខ្សាច់នៅកម្ពុជា ឱ្យទទួលបានលទ្ធផលល្អគាប់ប្រសើរនោះ ក្រសួងរ៉ែ និងថាមពល ក៏ជំរុញឱ្យប្រធានមន្ទីរពាក់ព័ន្ធ ក្រោយពីទទួលបានការយល់ដឹងអំពីនីតិវិធីថ្មី សូមធ្វើការផ្សព្វផ្សាយ ជូនដល់ក្រុមហ៊ុន/សហគ្រាស ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ឱ្យយល់អំពីការងារពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់ផងដែរ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ លោក អ៊ឹង ឌីប៉ូឡា។

សូម​បញ្ជាក់ថា ក្រសួងរ៉ែ និងថាមពលធ្លាប់បានឱ្យដឹងកាលពីពេលកន្លងទៅថា ជាផ្លូវការ គឺមាន​ក្រុម​ហ៊ុន​ពីរប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​នាំខ្សាច់​ចេញ​ គឺក្រុមហ៊ុន​​ GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD. និង​ក្រុមហ៊ុនចតុមុខ រឺសសស៍សឹបផ្លាយ អ៊ីមផត អិចផត​។ ​បើតាម ​អគ្គនាយកដ្ឋានធនធានរ៉ែ នៃ​ក្រសួងរ៉ែ និងថាមពល បាន​បញ្ជាក់ទៀតថា ​ក្នុងមួយឆ្នាំៗ​ខ្សាច់ដែល​មិន​តម្រូវការ​ក្នុងស្រុក គឺត្រូវនាំចេញ តាម​ច្រកតែមួយ​គត់ គឺ​ច្រក​ក្អម​សំណ ហើយ​សម្រាប់​លក់​ឱ្យ​គ្រប់​ប្រទេសទាំង​អស់​ដែល​ចង់​ទិញខ្សាច់​ពីកម្ពុជា​​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *