ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​រោងចក្រ​កែច្នៃស្ករសរបស់ក្រុមហ៊ុន Cambodian Household Healthy Product Co, LTD

(ភ្នំពេញ) ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមសម្ពោធរោងចក្រកែច្នៃស្ករសរបស់ក្រុមហ៊ុន Cambodian Household Healthy Product Co.Ltd ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក សេម ដែលជាជនជាតិជប៉ុន និងជាម្ចាស់ភាគហ៊ុនធំផងដែរ បានមានប្រសាសន៍ថា ការបង្កើតរោងចក្រនេះគឺសំដៅជាធំទៅលើ ជីវភាព និងការងារសម្រាប់ប្រជាពលរដ្ឋខ្មែរដើម្បីឲ្យពួកគាត់មានការងារធ្វើច្រើន ។ ទាក់ទងនឹងដំណើរការរបស់រោងចក្រគឺដំណើរការ ២៤ម៉ោងចែកជា ៣វគ្គ ក្នុងមួយថ្ងៃ ហើយក្នុងមួយវគ្គៗមានរយៈពេល ៨ម៉ោង និងអាចផលិតស្ករសរបាន ២៤តោន ស្មើរនឹង ៧២តោនក្នុងមួយថ្ងៃ។

ស្ថិតក្នុងពិធីនោះ ឯកឧត្តម ដួង តារា ក៏បានមានប្រសាសន៍ដោយ​អរគុណដល់ជនជាតិជប៉ុនដែលបានផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង ដឹកនាំ និងគ្រប់គ្រងនូវសង្វាក់ផលិតដល់ប្រជាជនខ្មែរ ដើម្បីប្រជាជនមានការងារធ្វើច្រើន និងបង្កើនជីវភាព។ កម្ពុជាមានមោទនភាពដែលបានប្រើប្រាស់នូវបច្ចេកវិទ្យារបស់ជប៉ុនបន្ត។ ឯកឧត្តមសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសនិស្សិតដែលមានជំនាញបច្ចេកវិទ្យាទាំងអស់ព្រោះនេះជាឱកាសដើម្បីរៀនសូត្របន្ថែម ភ្ជាប់ជាមួយនឹងឱកាសការងារផងដែរ ព្រោះរោងចក្រកំពុងត្រូវការអ្នកដែលមានសមត្ថភាព។

រោងចក្រកែច្នៃស្ករសរបស់ក្រុមហ៊ុន Cambodian Household Healthy Product Co.Ltd គឺជារោងចក្រដែលកែច្នៃស្ករសសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដែលវិនិយោគក្នុងប្រទេសកម្ពុជាតែម្ដងដោយមានរយៈពេលរហូតដល់ ៥០ឆ្នាំ និងចំណាយថវិកាជិត ៩លានដុល្លារអាមេរិក។ ហើយរោងចក្រនេះគឺជារោងចក្រដែលកែច្នៃស្ករស ដោយយកវត្ថុធាតុដើមចេញស្ករសដែលសម្រេចរួចពីរោងចក្រ ១០០ភាគរយ យកមកកែច្នៃលាយជាមួយល្បាយដើម្បីបន្ថយជាតិស្ករនៅសល់ត្រឹម ៧០ភាគរយ ដោយគិតគូរពីសុខភាព សុវត្ថិភាព និងតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់អ្នកបរិភោគក្នុងការកាត់បន្ថយនូវជំងឺផ្សេងៗដូចជាជំងឺទឹកនោមផ្អែមជាដើម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *