ព័ត៌មានជាតិ

ACU ឃាត់ខ្លួនអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច ពាក់ព័ន្ធស៊ីដាច់លុយជំនួយប្រមាណ៣៨ម៉ឺនដុល្លារ

(ភ្នំពេញ) ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួន លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា នាល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងស៊ីដាច់លុយជំនួយសង្គមកិច្ចជូនដល់ជនពិការក្រីក្រចំនួនជិត ៣៨ម៉ឺនដុល្លារ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលូយ លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា នៅព្រឹកនេះអង្គភាព ACU បានបញ្ជូន លោក ឡាយ សំណាង ទៅសាលាដំបូងរាជធានីភ្នំពេញហើយ។

លោកបន្តថា ការឈានដល់ការឃាត់ខ្លួនលោក ឡាយ សំណាង ពីព្រោះតែក្រសួងសង្គមកិច្ចបានធ្វើការស្រាវជ្រាវរកឃើញភស្តុតាងថា លោក ឡាយ សំណាង ពិតជាបានកិបកេងថវិការបស់រដ្ឋសម្រាប់ឧបត្ថម្ភដល់ជនមានពិការភាពក្រីក្រជិត ៣៨ម៉ឺនដុល្លារពីប្រាក់ជំនួយឧបត្ថម្ភដល់ជនមានពិការភាពក្រីក្រចំនួនជិត ៤ពាន់នាក់។

បើតាមលោក ឱម យ៉ិនទៀង មន្រ្តីក្រសួងសង្គមកិច្ច លោក ឡាយ សំណាង រូបនេះជាប់សង្ស័យពីបទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងជាប់ពីបទ «សម្អាតប្រាក់ ដោយខុសច្បាប់»។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ សមត្ថកិច្ចក៏ឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅម្នាក់ ឈ្មោះ សុខ សុផា ហើយនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជូនមក ACU ពាក់ព័ន្ធនឹងរឿងកិបកេងលុយឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះពីជំងឺកូវីដ-១៩ ជាង ៦០លានរៀលផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *