ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ដកឋានន្តរសក្តិមន្ត្រីចរាចរណ៍ ៤រូប មួយកម្រិត និងបញ្ឈរជើង ៣ខែ បន្ទាប់ពីប្រព្រឹត្តកំហុសនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង

បន្ទាប់ពីបានឃើញវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្នងការរងទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក ផ្នែកវិន័យធ្វើការកោះហៅមន្ត្រីគោលដៅទាំងចំនួន ៤រូប ទៅសួរនាំនៅការិយាល័យ ទាក់ទងនឹងមន្ត្រីនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលបានប្រព្រឹត្តកំហុស ដោយបានហៅឃាត់រថយន្តមកធ្វើការផាកពិន័យ ដោយអ្នកបើកបរមិនមានកំហុស។ នេះបើយោងតាមការបកស្រាយបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

ពាក់ព័ន្ធនឹងករណីនេះ ក្រោយពីការសួរនាំរួច មន្ត្រីទាំង៤រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយហៅអ្នកបើកបរធ្វើការផាកពិន័យ មិនចេញវិក្កយបត្រ ស្របពេលដែលអ្នកបើកបរមិនមានកំហុសទាល់តែសោះ។ ការណ៍នេះ ដោយទទួលបានបទបញ្ជា និងការឯកភាពពី លោកស្នងការផ្នែកវិន័យ នៃការិយាល័យបុគ្គលិក បានសម្រេចដកមន្ត្រីទាំង ៤រូបនេះ មកបញ្ឈរជើងរយ:ពេល ៣ខែ ដោយបង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក ធ្វើកិច្ចសន្យា ជាពិសេសមន្ត្រីដែលប្រព្រឹត្តកំហុស ត្រូវបានដកឋានន្តរសក្តិមួយកម្រិត(ដកមួយសក្តិ) ដើម្បីជាការព្រមានចំពោះការប្រព្រឹត្តកំហុសនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩:១៥នាទីព្រឹក នៅចំណុចគោលដៅស្តុបទន្លេបាសាក់ តាមបណ្តោយមហាវិថីម៉ៅសេទុង មានករណីផាកពិន័យមិនត្រឹមត្រូវ និងមិនចេញវិក្កយបត្រ ប្រព្រឹត្តដោយក្រុមមន្ត្រីនៅគោលដៅនោះ ទៅលើរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ខណៈពេលអ្នកបើកបរមិនបានប្រព្រឹត្តល្មើសភ្លើងសញ្ញាចរាចរណ៍ឡើយ(ភ្លើងពណ៌បៃតង) ដោយមានភស្តុតាងជាវីដេអូកាមេរ៉ាភ្ជាប់នៅក្នុងរថយន្ត ពេលកំពុងបើកបរឆ្លងស្តុប។

រហូតដល់ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ មានការបែកសារជាសម្លេងទទួលកំហុស ដែលលោកអនុសេនីយ៍ទោ ព្រំ ចាន់ដារ៉ា បានយកគណនីហ្វេសប៊ុករបស់លោកអនុសេនីយ៍ឯក ថាច ប៊ុនធឿន ផ្ញើសារទៅកាន់ម្ចាស់រថយន្ត ដើម្បីផ្ទេរប្រាក់ជូនវិញ និងស្នើសុំលុបវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម ប៉ុន្តែត្រូវបានម្ចាស់រថយន្តបដិសេធ៕