ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ករណីលិចទូកដនៅស្រុកលើកដែក ម្ចាស់ទូកដ និង​អ្នកបើកទូក៣នាក់ ត្រូវ​ឃាត់ខ្លួន

ករណី​លិច​ទូកដ​បណ្តាល​ឲ្យ​ស្លាប់​កូនសិស្ស​ចំនួន១១នាក់កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ​២០២២ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ពេលនេះ ម្ចាស់អាជីវកម្មទូក-ដ ចំនួន ២នាក់ និងអ្នកបើកទូក-ដចម្លងម្នាក់ ត្រូវបានឃាត់ខ្លួន។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល​បាន​បញ្ជាក់ថា ម្ចាស់អាជីវកម្មទូក-ដ ពីរនាក់ ត្រូវបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ខេត្តកណ្តាល ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។ ចំណែកអ្នកបើកទូក-ដ កំពុងសម្រាកព្យាបាល ក៏ត្រូវឃ្លាំមើល និងត្រូវអនុវត្តន៍នីតិវិធីដូចគ្នា ដោយគ្មានការលើកលែងឡើយ។

គួររំលឹកថា នៅម៉ោង ៧ :១០ យប់មិញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានករណីមនុស្ស ១៥នាក់ ជិះទូកដទទឹង ឆ្លងទន្លេ ហើយជួបឧប្បត្តិហេតុលិចទឹ ស្ថិតនៅក្នុង ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដោយសម្លាប់អស់១១នាក់ រស់៤នាក់ ដោយសិស្សភាគច្រើនសុទ្ធជាក្មេងក្រីក្រ៕