ព័ត៌មានជាតិ

លោក ខឹម វាសនា អនុញ្ញាតិ​ឲ្យ​អាជ្ញាធរ​ចូលពិនិត្យ​ក្នុង​ចំការ ខណៈឱសានុវាទចុងក្រោយ​នៅ​ត្រឹម​ល្ងាច​ថ្ងៃទី៥ កញ្ញា

ទីបំផុត​ទៅ​អាជ្ញាធរ​អាច​ចូល​ទៅ​ធ្វើការ​ពិនិត្យ​នៅ​ក្នុង​ចំការ​របស់​លោក ខឹម វាសនា មេគណបក្ស LDP ហើយ​កាលពីថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២២ ខណៈឱសានុវាទចុងក្រោយបំផុត​ ដែលតម្រូវ​ឲ្យ​មនុស្ស​ចាក​ចេញ​ពីចំការ​មួយ​នេះ គឺ​ត្រឹម​ម៉ោង​ល្ងាច​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​២០២២។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី៤ ខែកញ្ញា បើយោងតាមការប៉ាន់ស្មានជាក់ស្តែងគឺមានសមាជិកបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ប្រមាណជាង ១ ០០០នាក់ប៉ុណ្ណោះ ដែលមិនទាន់បានចាកចេញពីដីចម្ការ នៅស្រុកបន្ទាយស្រី ហើយបើយោងទៅលើសន្ទុះនៃការចាកចេញ គឺនឹងអស់ត្រឹមយប់នេះ ឬថ្ងៃស្អែក (៥ កញ្ញា) ខណៈពេលដែលអ្នកបានចាកចេញកាន់តែច្រើនទៅៗ។

ឯកឧត្តម បានបន្តថា ក្នុងករណីដែលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ មិនមានការចាកចេញអស់ពីទីតាំងចម្ការទាំងពីរកន្លែងនោះទេ នោះរដ្ឋបាលខេត្តនឹងអនុវត្តវិធានការដូចដែលមាននៅក្នុងកិច្ចសន្យារបស់ក្រុមLDP ទាំង០៦នាក់នោះហើយ។

សូមរម្លឹកដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋចាកចេញពីដីចំការនោះ ទៅប្រកបមុខរបរ ការងារ និងរស់នៅជួបជុំគ្រួសារ ជាធម្មតាវិញ ដោយសារតែពុំមានទឹកជំនន់លិចពិភពលោកកើតឡើងនោះទេ ហើយរាជរដ្ឋាភិបាល ក៏បានត្រៀមរថយន្តដឹកជញ្ជូនបងប្អូនដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសកម្មជន ឬអ្នកជឿលង់ លោក ខឹម វាសនា ត្រឡប់ទៅគេហដ្ឋានវិញ ដោយមិនគិតថ្លៃ ព្រមទាំងមានអាហារបរិភោគផងដែរ។

ដោយឡែក កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅ បុគ្គល ៦នាក់ របស់បក្សLDP និងជាម្ចាស់ទីតាំងដី១២ហិកតា និង២៥ហិកតា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើកិច្ចសន្យា ដោយទទួលស្គាល់កំហុស ព្រមទាំងសន្យាបញ្ឈប់មិនឱ្យមានការស្នាក់នៅទីតាំងនេះយ៉ាងយូរត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៧៖៣០នាទី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *