ព័ត៌មានជាតិ

ល្បិចឆបោកថ្មី! ក្លែង​ឯកសារ​បណ្ណ​សម្គាល់អចលនវត្ថុ ដាក់បញ្ចាំ ឬដាក់លក់ដី

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា ករណីនេះ កម្លាំងជំនាញនគរបាលយុត្តិធម៌ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលជាម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះបានបញ្ជាក់ប្រាប់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសដូច្នេះថា៖ «ថ្មីៗនេះខ្ញុំបាទទើបតែទទួលបានព័ត៌មាន និងឯកសារថតចម្លងពីបុគ្គលផ្សេងទៀតបង្ហាញថា វិញ្ញាបនបត្រសម្គាល់អចលនវត្ថុរបស់ខ្ញុំបាទត្រូវបានផ្ទេរចេញទៅឈ្មោះ ឈឿង ច័ន្ទពិសិដ្ឋ និងឈ្មោះ ទុំ ដាឡែន ទៅវិញ ដែលការពិតដីនេះគឺខ្ញុំបាទពុំធ្លាប់ដែរបានលក់ដូរ ឬធ្វើការចាត់ចែងណាមួយទៅតតីយជននៅឡើយទេ»។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្ថែមថា ក្រោយពីបានស៊ើបអង្កេតបឋមតាមនីតិវិធីរួចមក និងធ្វើសេចក្តីរាយការណ៍ជូនទៅឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ក៏ឈានដល់ការនាំខ្លួនបុគ្គលសង្ស័យឈ្មោះ ឈឿង ពិសិដ្ឋ ភេទប្រុស អាយុ៤១ឆ្នាំ តាមដីកាបញ្ជាឱ្យចូលខ្លួនលេខៈ ៣១៧ អ.យ.ក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

យ៉ាងណាក៏ដោយ​ជនសង្ស័យពាក់ព័ន្ធនឹងបទក្លែងបន្លំឯកសារសាធារណៈ និងឆបោក ត្រូវ​បាន​បញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ​កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *