ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ប្រធានាធិបតីហុងគ្រី និងភរិយា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបំពាក់កម្រងផ្កានៅវិមានឯករាជ្យ

ភ្នំពេញ ៖បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ នៅព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា បានបន្តចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ និងបំពាក់កម្រងផ្កានៅវិមានឯករាជ្យ។

សូមជំរាបថា ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា បានអញ្ជើញមកដល់កម្ពុជាហើយ នៅយប់ថ្ងៃអាទិត្យមិញនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែតុលា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។

នៅរសៀលនេះ ឯកឧត្តម ប្រធានាធិបតីហុងគ្រី នឹងមានជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅក្នុងជំនួបនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម នឹងត្រូវបានលើកយកមកពិភាក្សាផងដែរ៕