ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

លិចទូកនៅស្រុកលើកដែក បាត់ខ្លួន៨នាក់ ស្លាប់២នាក់ និង​រកឃើញ២នាក់

កាលពីវេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានករណីលិចទូក​ចម្លង ស្ថិត​នៅ​ក្នុងភូមិសាស្ត្រភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល បណ្តាល​ឱ្យ​មនុស្ស​ជាច្រើននាក់ ដែលភាគច្រើន​ជា​ក្មេងៗ​បាន​បាត់ខ្លួន។

បើតាមសេចក្តីរាយការណ៍ចុងក្រោយ​នៅ​ពាក់កណ្តាលអធ្រាត្រឈាន​ចូល​ថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០២២ បាន​បញ្ជាក់ថា ករណីលិចទូកនេះ គេ​បានរកឃើញ​មនុស្ស​ចំនួន៤នាក់ ក្នុងនោះ​ស្លាប់២នាក់ និង​២នាក់ទៀត​កំពុងសង្រ្គោះ ខណៈមនុស្ស​ចំនួន៨នាក់ទៀត​បានបាត់ខ្លួន។

បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល ដែលដឹកនាំកម្លាំងជួយរុករកជនរងគ្រោះនៅកន្លែងទូកលិច បានបញ្ជាក់ថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង​ប្រមាណ៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ​២០២២ នៅពេលកូនសិស្សបានចេញពីរៀន រួចក៏ជិះទូកឆ្លងទៅកាន់ផ្ទះរបស់ពួកគេ នៅលើកូនកោះក្នុងភូមិកោះចំរើន (លើកោះមានប្រហែល៣០០គ្រួសាររស់នៅ) ស្រាប់តែជួបគ្រោះអកុសលបែបនេះតែម្តង។ លោកថា កន្លងទៅមិនមានគ្រោះថ្នាក់បែបនេះកើតឡើងនោះឡើយ តែលើកនេះមកពីទឹកឡើងទើប ជួបហេតុការណ៍អាក្រក់នេះតែម្តង៕