ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

លោកស្រី​មូរ សុខហួរ​មិន​​អនុញ្ញាត​ឲ្យធ្វើ​ដំ​ណើរ ចូល​ក្នុង​​ប្រទេស​ថៃ

ខណៈ​ដែលលោកស្រី​មូរ សុខហួរ ​អនុ​ប្រធាន​​អតីត​គណបក្ស​សង្គ្រោះ​ជាតិមួយរូបបានធើ្វដំណើរមក​ដល់​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ​របស់​ថៃត្រូវអាជ្ញាធរ​ថៃ​បាន​អនុវត្ត​តាម​ការ​ស្នើ​សុំ​របស់​កម្ពុជាដោយ​ហាមមិន​ឲ្យ​លោកស្រី មូរ សុខហួរចូល​ក្នុង​ប្រទេស​ថៃ។ការ​រារាំង​នេះ​ទំនង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ទប់​ស្កាត់​និង​ចាប់​ខ្លួន​ក្រុម​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​តុលាការ​ខ្មែរ​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋនិង​ដែល​ឆ្លង​កាត់​ឬ​ប្រើ​ប្រាស់​ទឹក​ដី​ថៃ​ដើម្បី​ធ្វើ​ការ​ប្រមូល​ផ្ដុំទទួល​លោក​សម រង្ស៊ី។កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ខែ​តុលា លោកស្រី មូរ សុខហួរ បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ​ពី​ប្រទេស​ម៉ាឡេស៊ីសំដៅ​មក​ប្រទេស​ថៃ ដើម្បី​ជួប​អ្នក​គាំទ្រនិង​សកម្មជន​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​រៀបចំ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ដែល​គ្រោង​នឹង​និវត្ត​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩​ខែ វិច្ឆិកា​ខាង​មុខនេះ។ប៉ុន្តែ​នៅ​ពេល​មក​ដល់​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ​របស់​ថៃ លោកស្រី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​បន្ត​ទេ។ លោកស្រី​មាន​ប្រសាសន៍​ថា នគរបាល​ថៃ​បាន​ប្រាប់​លោកស្រី​ថា ប្រធាន​របស់​គេ​មិន​អនុញ្ញាត​ឲ្យ​លោកស្រី​ធ្វើ​ដំណើរ​ចូល​ក្នុង​ប្រទេស​ថៃ​នោះ​ទេ។លោក​ស្រី ​មូរ ​សុខហួរ ​គឺ​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ទី​មួយ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃហា​ម​ឃាត់មិ​ន​ឲ្យ​ចូល​ទឹកដី​របស់​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​។ ​បន្ទាប់​ពី​ការ​បដិសេធ​នេះ ​លោក​ស្រី​គ្រោ​​ង​នឹង​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញ ​ជា​ជាង​​ការ​​បន្ត​​នៅ​​ក្នុង​ប្រទេស​ម៉ាឡេស៊ី ឬ​ប្រទេស​ឥណ្ឌូនេស៊ី ​ដែល​អាច​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ម្ដង​ទៀត​។ ​នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​អូស្ត្រា​លី​​ឈ្មោះ ​​The​​ Age​ and​ The​ Sydney ​Morning​ Herald ​នៅ​ថ្ងៃទី ​២៣​ តុលា​នេះ។​
លោក​ស្រី ​មូរ ​សុខហួរ ​បាន​ប្រាប់​សារព័ត៌មាន​នេះ​ពី​ប្រទេស​ម៉ាឡេស៊ីថា​ កា​ល​ពី​ថ្ងៃ​អាទិត្យ​ លោក​ស្រី​ត្រូវ​បាន​អាជ្ញាធរ​ថៃ ​បង្ខំ​ដាក់​នៅ​ក្នុ​ង​បន្ទប់​ពិសេស​មួយ។​ ពួ​កគេ ​(​អា​ជ្ញាធរ​ថៃ​) ​បាន​ឃ្លាំមើល​លោក​ស្រី ហើ​យប​ន្ទាប់​មក ​បុគ្គលិក​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ម៉ាឡេស៊ី (​Malaysian​ Airlines​) ​បាន​ប្រឹង​ប្រែង​ស្វែង​រក​ជើង​ហោះហើ​រ​ថ្មី ​ដើម្បី​ឲ្យ​លោក​ស្រី​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ីវិញ​។បើតាម​លោក​ស្រី ​មូរ​ សុខហួរ ​ដែល​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​អូស្ត្រាលី​ខាង​លើនេះ​ថា ​លោក​ស្រី​មិ​ន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្ល​ងព្រំដែន​ឡើយ។ ​ហើយ​លោក​ស្រី​ក៏​មិន​ត្រូវ​បាន​អាជ្ញាធរ​ថៃ​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​អាកាស​យានដ្ឋាន​ដែរ​។ ​ដូច្នេះជំនួស​ឲ្យ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ចាកាតា ​ប្រទេស​ឥណ្ឌូនេស៊ី លោ​ក​ស្រី​បាន​សម្រេច​ចិត្ត​ថា ​នឹង​វិល​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញ​ ជា​ជាង​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​​ពី​ប្រទេស​ឥណ្ឌូណេស៊ី​សារ​ជា​ថ្មី​ម្ដង​ទៀត​។ ​នេះបើ​តាម​សារព័ត៌មាន​អូស្រ្តាលី ​Th​e​ Age​ and​ The​ Sydney ​Morning ​Herald។​គួរ​ជំរាប​ជូន​ថា លោ​ក​ស្រី មូ​រ ​សុខហួរ ​គឺជា​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ម្នាក់​ក្នុង​ចំណោម​០៩​នាក់ ​នៃអ​តីត​គណបក្ស​សង្គ្រោះជាតិ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចោទ​ប្រកាន់​ពី​បទ ​«​ឧប​ឃាត​» ​ឬ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ​ក្រោម​ផែន​ការ​មាតុ​ភូមិ​និវត្តន៍​របស់​លោក ​សម រង្ស៊ី ​នៅថ្ងៃទី ០​៩ ​វិច្ឆិកា​ ខាង​មុខ​នេះ។​ ប៉ុន្តែ​ក្រោម​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល​កម្ពុជា ​លោកស្រី ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទឹកដី​ថៃ​ឡើយ ​កាល​ពី​រសៀល​ថ្ងៃអាទិត្យ ​ដោយ​សារ​តែលោ​កស្រីមា​ន​ឈ្មោះនៅ​ក្នុង​បញ្ជី​ខ្មៅរ​បស់​ថៃ។​កន្លង​ទៅ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​របស់សម្តេច​បាន​ផ្ញើ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ទៅ​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​៩ប្រទេស។ក្រោយ​មក​នាយក​រដ្ឋ​មន្ត្រី​ឡាវ លោក ថងលុន ស៊ីសូលីត (Thongloun Sisoulith) បាន​អះអាង​ពី​ការ​គាំទ្រ​ចំណាត់​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ។ ប៉ុន្តែ​មិន​មាន​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​អះអាង​ពី​ការ​ទទួល​លិខិត​ស្នើ​សុំ​ឲ្យ​ចាប់​ខ្លួន​លោក​សម រង្ស៊ី ឬ​អះអាង​ពី​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះសេចក្ដី​ស្នើ​សុំ​របស់​កម្ពុជាជាសាធារណៈ​នៅ​ឡើយ។
អាជ្ញាធរ​កម្ពុជា​កំពុង​តាម​ចាប់​ខ្លួន​លោក​ស្រី មូរ សុខហួរ ក្នុង​បទល្មើស​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​មួយ​ចំនួន ក្នុង​នោះ​មាន​ការ​ចោទ​ប្រកាន់​ថា​មាន​គម្រោង​ធ្វើ​រដ្ឋប្រហារ​រដ្ឋាភិបាលនិង​ការ​ញុះញង់​ជាដើម។ មេដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស គឺ​ជា​អ្នក​នយោបាយ​សំខាន់​មួយ ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​តាម​ចាប់​ខ្លួន។សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​៥០​នាក់ ត្រូវ​ចាប់​ខ្លួន ក្រោម​ការ​ចោទ​ប្រកាន់​ថា «រួម​គំនិត​ក្បត់» ជាមួយ​លោក សម រង្ស៊ី ក្នុង​គម្រោង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា តុលាការ​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​សមាជិក​ជាន់​ខ្ពស់​ចំនួន​៩​នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​បទ «ឧបឃាត» ដោយ​ពាក់ព័ន្ធ​នឹង​អង្គហេតុ​នៃ​ការ​«ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ»។អ្នក​ទាំង​នោះ​ រួម​មាន​លោក ​សម រង្ស៊ី លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ធឬទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្រ្ទ លោកស្រី ជូឡុង សូ​មូរ៉ា និង​លោក នុត រំដួលជាដើម។សូម​បញ្ជាក់​ថា ​តាម​រយៈក្រសួង​ការបរទេស​រដ្ឋាភិបាល​កម្ពុជា ​កាល​ពី​ខែ​មុន​ បាន​បញ្ជូន​ដីកា​ចា​ប់ខ្លួន​លោក ​សម រង្ស៊ី ​លោកស្រី ​មូរ ​សុខហួរ ​និង​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​​មួយ​ចំនួន​ទៀតទៅ​កាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​។ ​ការ​ហាម​ឃាត់​លោក​ស្រីមូរ ​សុខហួរមិន​ឲ្យ​ចូល​ប្រទេស​ថៃ​តាម​ផ្លូវ​គោក​នេះមាន​ន័យ​ថា ​គម្រោង​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ ​ដែល​រួមមាន​លោក​សម រង្ស៊ី ​ផង​នៅថ្ងៃទី ​០៩ ​វិច្ឆិកាខាង​មុខកំពុង​ជួប​ឧបសគ្គក្នុងការធើ្វដំណើរមកកម្ពុជា​៕