សង្គម

ឆេះរោងចក្រនៅស្រុកត្រាំកក់ សមត្ថកិច្ចថា ដោយសារឆ្លង​ចរន្ត​អគ្គិសនី

រោងចក្រអៅដរហ្គៀ ដែលជារោងចក្រដេរអាវពោងសម្រាប់ហែលទឹកនិងដេរកាបូបមួយកន្លែង សិ្ថតនៅតាមដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៦៦-៦៧ ក្នុងភូមិស្រង៉ែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់​ ខេត្តតាកែវ​ ត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញខូចខាតអស់សម្ភារៈមួយ​ចំនួនធំ​ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ​២០២២។

អគ្គីភ័យនេះ បានផ្តើម​ឆាបឆេះ​កាលពីវេលាម៉ោង១១នឹង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ រហូត​ដល់​ម៉ោង​៧យប់ទើបរលត់អស់។

បើតាមសម្តីកម្មកររោងចក្របម្រើការក្នុងក្រុមហ៊ុននេះឲ្យដឹងថា រោងចក្រនេះ ដេរកាបូបយួនិងអាវពោងសម្រាប់ពាក់ហែលទឹកនិងមានថៅកែជាជនជាតិចិនអ្នកគ្រប់គ្រង ដោយ​មានកម្មករ កម្មការិនីសរុបចំនួន១៣៩៦នាក់ ស្រី១១២២នាក់ ហើយ​ការ​ឆេះនេះ គឺនៅខណៈ​ពេល​ដែលកម្មករ​បានចេញទៅហូបបាយ។

«នៅពេលបងប្អូនយើងកំពុងតែហូបបាយខាងក្រៅរោងចក្រស្រាប់តែមានការឆោឡោឡើងនិងឃើញផ្សែងខ្មៅខ្មួលខ្មាញ់ឆេះចេះពីកន្លែងដាក់សម្ភារៈពីខាងត្បូង។ ឆេះជិតកន្លះម៉ោងទើបមានឡានទឹកទៅជួយបាញ់ពន្លត់តែដោយសារក្នុងរោងចក្រ មានសម្ភារៈសុទ្ធតែជាតិស្នោនិងជ័រនោះទើបធ្វើឲ្យអណ្តាតភ្លើងឆាបឆេះយ៉ាងឆាប់រហ័ស»

លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ បញ្ជាក់ថា ករណីអគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តបាញ់ទឹកអស់ប្រហែល៦០រថយន្តក្នុងការទប់ស្កាត់ ហើយ​ចំពោះទំហ៊ុំនៃការខាត់បង់គឹតជាថវិកា មិនទាន់អាចបញ្ជាក់បានទេ ហើយ​ករណីនេះមិនមានកម្មករ កម្មការិនីណាម្នាក់រងគ្រោះឡើយ។

តាមរបាយការណ៍​របស់នាយកដ្ឋានបង្ការ និង​ពន្លត់អគ្គិភ័យបានឲ្យដឹងថា ករណីអគ្គិភ័យនេះ គឺបានឆេះបំផ្លាញ​អគារផ្ទុកសំភារៈមួយខ្នងទំហំ ៣៥ម៉ែត្រ x ៤០ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី (ឆេះអស់ទាំងស្រុង)​ ។ ហើយ​សម្ភារៈ​ដែល​ខូចខាតរួមមាន៖ សំបកកាតុងចំនួន ១០​ តោន, អាវស្តុកចំនួន​ ២០០០​ កាតុង, ស្នោអេប៉ុងចំនួន​ ៥០​ តោន, ម៉ាស៊ីនក្រឡុកស៊ីម៉ង់ត៍ចំនួន​ ០១​ គ្រឿង, រថយន្តកុងទឺន័រចំនួន​ ០១​ គ្រឿង និង​ ម៉ូតូ​ចំនួន​ ០៤​ គ្រឿង​ ។

ដោយ​ឡែកមូលហេតុដែលបណ្តាល​ឲ្យ​កើតមាន​អគ្គិភ័យនេះ នាយកដ្ឋាន​បានបញ្ជាក់ថា គឺដោយ​សារឆ្លងចរន្តអគ្គិសនី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *