ព័ត៌មានជាតិ

ប្រធាន​មន្ទីរ​សាធារណការខេត្តបន្ទាយមានជ័យ រង​ការចោទថា ធ្វើ​ផ្លូវ​គ្មាន​គុណភាព និងពុករលួយ

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ លោក​សុក ចាន់ថា ត្រូវគេ​ចោទប្រកាន់ថា បាន​ឃុបឃិត​ជាមួយ​មន្ត្រី​មួយចំនួន ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ស្ថាបនា​ផ្លូវ ក្រាល​កៅស៊ូ ឌី​ប៊ី​អេស​ធី (DBST) ប្រវែង​ជាង បួន​គីឡូម៉ែត្រ ស្ថិតនៅ​ជុំវិញ​តំបន់​ច្រក​ស្ទឹង​បត់ ពោលគឺ ផ្លូវ​មិនមាន​គុណភាព ដោយ​ក្នុង​រយៈពេល ជាង ៣ ខែ ក៍​ចាប់ផ្តើម​ខូច​ផ្លូវ បណ្ដើរៗ​ទៅហើយ​។

បើយោង​តាម​​ប្រភពមួយថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​យល់ព្រម តាម​សំណើ​របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ការប្រគល់​កិច្ចសន្យា ជូន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើ​ការងារ​ស្ថាបនា​ផ្លូវ ដោយ​ក្រាល​កៅស៊ូ ឌី​ប៊ី​អេស​ធី (DBST) ប្រវែង ៤.០២៥ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថាបនា​លូ​ប្រអប់​មុខ​មួយ ទំហំ​មុខកាត់ ២,៥ ម៉ែត្រ គុណ​នឹង ១,៥ ម៉ែត្រ ប្រវែង ១២ ម៉ែត្រ ចំនួន ៨ កន្លែង គូស​គំនូស​សញ្ញា​ចរាចរ ចំនួន ១.៤០២ ម៉ែត្រការ៉េ ស្ថាបនា​ស្លាក​សញ្ញា​ចរាចរ ចំនួន ៣៨ ស្លាក និង​ដាំ​បង្គោល​នាំ​ផ្លូវ ចំនួន ៨៤ ដើម ចន្លោះ​គ​.​ម 00+000 ដល់គ​.​ម ០៤+០៧៥ ស្ថិតនៅ​ជុំវិញ តំបន់​ច្រក​ស្ទឹង​បត់ ក្នុង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងតម្លៃ​ចំនួន ៤.៣០១.០០០.០០០ រៀល (​បួន​ពាន់​បី​រយ​មួយ​លាន​រៀល​គត់​) ជា​តម្លៃ​កិច្ចសន្យា​។

តែការស្ថាបនាផ្លូវនោះហើយរួចរាល់​មិនបាន១០០ថ្ងៃផង ផ្លូវ​ក៏​ខូច​ខាត​ទៅវិញជាបណ្តើរៗ ហើយ​ដោយប្រហែលជា​មើលឃើញការសាងសង់​ផ្លូវ គ្មាន​គុណភាព ដែលមាន​កម្រាស់​ស្តើងនោះ គេ​ក៏ឃើញ​ខាងមន្ទីរ​ចុះ​ទៅ​ធ្វើការ​ជួសជុលពេលយប់​ស្ងាត់ៗ​។

យ៉ាងណាក៏ដោយ ចំពោះការ​ចោទប្រកាន់នេះ ​លោក សុក ចាន់ថា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានថ្លែងបដិសេធ ដោយថា “​អត់​មាន​ប្រព្រឹត្ត​ដូចជា ការចោទប្រកាន់​ទេ ហើយ​ការងារ​បច្ចេកទេស យើង​មកជួប​គ្នា​និយាយ ហើយ​ទៅ​មើល​ទីតាំង បាន​យើង​យល់​គ្នា​បាន លក្ខណៈ​បច្ចេកទេស ភាសា​ខ្លះ អត់​យល់ និង​ពាក្យ​ភាសា​ខ្លះ មិនមែន​ចេះ​សរសេរ​បាន​ណា ហើយ​យើង​ធ្វើតាម​លក្ខណៈ​បច្ចេកទេស សៀវភៅ​បន្ទុក​អី​ទាំងអស់​នឹង​ហើយ​”​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *