អន្តរជាតិ

ករណីធ្លាក់យន្តហោះនៅហ្វីលីពីន អ្នក​ស្លាប់​កើន​ដល់​៥០នាក់ ខណៈ ៥៣នាក់រងរបួស

ឧត្តមសេនីយ៍ឯក Edgard Arevalo អ្នកនាំពាក្យយោធាហ្វីលីពីនបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការធ្លាក់យន្តហោះនៅលើ​កោះជូឡូ ក្នុងខេត្តស៊ូលូ កាលពីថ្ងៃម្សិលមិញ បានកើនឡើង​ដល់​ចំនួន ៥០នាក់ ក្នុងនោះមានសមាជិកបុគ្គលិកយោធា ៤៧ នាក់និងជនស៊ីវិល ៣ នាក់។

យន្ដហោះយោធាដឹកអ្នកដំណើរ Hercules C-130 ដឹកនិស្សិតដែលបញ្ចប់ការសិក្សា ៩៦ នាក់ បានធ្លាក់កាលពីថ្ងៃអាទិត្យ (ថ្ងៃទី៤ ខែកក្កដា) ខណៈ​យន្តហោះ​នោះ​គ្រោង​នឹង​ទៅ​ចុះចត​នៅ​ព្រលានយន្តហោះ​ជូឡូ ក្នុង​ខេត្ត​ស៊ូលូ ភាគខាងត្បូង​ហ្វីលីពីន ប៉ុន្តែ​ក៏បាន​ហោះ​ជ្រុល​ហួស​ព្រលាន ដោយសារ​តែមាន​បញ្ហា​បច្ចេកទេស ហើយ​នៅពេល​មិនអាច​គ្រប់គ្រង​ម្ចាស់ការ​បាន​ទៀត វា​ក៏បាន​ធ្លាក់​នៅ​តំបន់ ផា​ទី​កាល់ ដែល​ស្ថិត​នៅក្បែរនោះ។

គ្រោះថ្នាក់​ដ៏​អាក្រក់​នេះដែរ ក៏បាន​ធ្វើអោយ​ប្រជាជន​នៅលើ​ដី​០៣​នាក់​បាន​ស្លាប់ និង​០៤​នាក់​ទទួល​រងរបួស​ផងដែរ ដោយសារ​ត្រូវ​យន្តហោះ​យោធា​ធ្លាក់ចំ​ទីតាំង ដែល​ពួកគេ​កំពុង​ស្ថិតនៅ ។

រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បាននិយាយថា លោកបានបញ្ជាឱ្យមានការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ដែលនឹងចាប់ផ្តើមបន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះនិងការស្តារឡើងវិញត្រូវបានបញ្ចប់។

ក្នុងសេចក្តីរាយការណ៍​មួយ​បាន​និយាយថា “ ទាហានមួយចំនួនត្រូវបានគេមើលឃើញថាលោតចេញពីយន្តហោះមុនពេលដែលវាបុកដល់ដី ដោយបានជួយពួកគេរស់រានមានជីវិត” ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *