អាកាសយានដ្ឋានអន្តរជាតិតេជោគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១០ ខែកក្កដា
មន្រ្តីជាន់ខ្ពស់លេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា ប្រសិនបើមិនមានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ គ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១០ ខែកក្កដា ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីតំបន់ និងពិភពលោក។
អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅចម្ងាយជិត ២០ គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញ គ្របដណ្តប់លើផ្ទៃដី ២,៦០០ ហិកតា ក្នុងខេត្តកណ្តាល និងតាកែវ។ អាកាសយានដ្ឋាននេះអាចទទួលបានជើងហោះហើរឆ្លងទ្វីបចម្ងាយឆ្ងាយ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380-800 និង Boeing 747-800 ជាដើម។
លោក ស៊ិន ច័ន្ទសេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យសារព័ត៌មានក្នុងស្រុកដឹងថា ជាមួយនឹងកាលកំណត់ខែកក្កដាខិតជិតមកដល់ អ្នកពាក់ព័ន្ធទាំងអស់បានបើកកិច្ចប្រជុំសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីធានាឱ្យបាននូវការបញ្ចប់ទាន់ពេលវេលា និងជោគជ័យនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះសម្រាប់កម្ពុជា។
“ដំណើរការសាងសង់ជិតរួចរាល់ហើយ ប៉ុន្តែអ្វីដែលយើងបន្តត្រួតពិនិត្យគឺបញ្ហាទាក់ទងនឹងដំណើរការស្របតាមលក្ខខណ្ឌបច្ចេកទេសក្នុងការចេញវិញ្ញាបនបត្រ និងលក្ខខណ្ឌបច្ចេកទេសសម្រាប់ដាក់ឱ្យដំណើរការ”
យោងតាមតួលេខរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា វិស័យអាកាសចរណ៍របស់កម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៤ ដោយអាកាសយានដ្ឋានអន្តរជាតិទាំងបីរួមគ្នាទទួលអ្នកដំណើរបានចំនួន ៦.២ លាននាក់។
របាយការណ៍បង្ហាញថា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន ៣១ ដែលកំពុងប្រតិបត្តិការជើងហោះហើរទៅ និងមកពីអាកាសយានដ្ឋានអន្តរជាតិទាំងបី៕