ព័ត៌មានជាតិ

ប៉ុន្មានថ្ងៃនេះ តំបន់មួយចំនួននៅកម្ពុជានឹងចុះត្រជាក់ ក្រសួងធនធានទឹកណែនាំឱ្យស្លៀកសម្លៀកបំពាក់ខោអាវក្រាស់ៗ

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានចុះអ័ព្ទ និងមានធាតុអាកាសត្រជាក់។ នេះក៏ដោយសារឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនដែលគ្របដណ្តប់លើប្រទេសកម្ពុជាចុះថមថយ ជាមួយនឹងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស នៅតំបន់វាលទំនាបនឹងមានសីតុណ្ហភាពអប្បបរមាពី២២ ដល់ ២៤អង្សា មានចុះអ័ព្ទពេលព្រឹកនៅតាមបណ្តាខេត្តជាប់ក្បែរនឹងជួរភ្នំដងរែក។

នៅឯតំបន់ខ្ពង់រាបមាន សីតុណ្ហភាពអប្បបរមាពី១៩ ដល់ ២២អង្សា ខណៈតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានចុះអ័ព្ទ ជាមួយនឹងធាតុអាកាសត្រជាក់នៅពេលព្រឹក។ ដោយឡែកនៅ តំបន់មាត់សមុទ្រនឹងមានសីតុណ្ហភាពអប្បបរមាពី២៣ ដល់ ២៥អង្សា ហើយនៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី ០,៥០-១,០០ម៉ែត្រ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងដល់សាធារណជនថា រដូវរំហើយបានចូលមកដល់ជាមួយនឹងខ្យល់មូសុងឦសានបក់នាំមកនូវធាតុអាកាសត្រជាក់ហើយស្ងួតមកលើព្រះរាជាណាចក្រកម្ពុជា។

ក្រសួងក្រើនរំលឹកដល់សារធារណជន ជាពិសេសក្មេងតូចៗ និងកងទ័ពរស់នៅនិងឈរជើងនៅតំបន់ខ្ពង់រាប ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះធាតុអាកាសត្រជាក់ដែលអាចបង្ករជាជំងឺដង្កាត់នានាជាយថាហេតុ ដោយប្រើសម្លៀកបំពាក់ខោអាវក្រាស់ៗ និងពាក់ម៉ាស់ជាប្រចាំ៕