ព័ត៌មានស៊ើបអង្កេត

ល្បែងស៊ីសងជល់មាន់តាមអនឡាញ នៅហាងកាហ្វេ ជាច្រើនកន្លែង កំពុងលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងក្រចេះ

ក្រចេះ – ប្រជាពលរដ្ឋរស់នៅក្នុងក្រុងក្រចេះបានឲ្យដឹងថា នៅតាមហាងបាយ ហាងកាហ្វេ នាបច្ចុប្បន្ននេះ គេសង្កេត ឃើញមានបើកលេងល្បែងជល់មាន់ តាមអនឡាញ កំពុងបើកដំណើរការឡើងវិញ យ៉ាងគគ្រឹកគគ្រេងក្រោយផ្អាកសកម្មភាពបានជាង៩ខែ ដោយអាជ្ញាធរនិងសមត្ថកិច្ច បានចុះបង្ក្រាបតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ពលរដ្ឋនិយាយថា សកម្មភាពបើកលេងល្បែងស៊ីសងទាំងនេះ គឺមិនបង្ហាញរូបភាពទ្រង់ទ្រាយធំ ដោយដាក់បង្ហាញតាមអេក្រង់ទូរទស្សន៍ ឬផ្ទាំង LCD ដូចមុនឡើយ ពោលគឺអ្នកចាំទូទាត់ប្រាក់ និងអ្នកលេងល្បែង អង្គុយនៅពីមុខកុំព្យូទ័រ ឬ Laptop ដើម្បីភ្នាល់ល្បែងហើយបើមានសភាពការណ៍មិនស្រួល គឺនាំគ្នារត់ ដែលសកម្មភាពនៃកាបើកលេងល្បែងទាំងនោះ ហាក់កំពុងបន្លំភ្នែកអាជ្ញាធរ ដោយមើលទៅដូចជាពួកគេកំពុងពិភាក្សាការងារ នៅពីមុខកុំព្យូទ័រអ៊ីចឹង តែធាតុពិតពួកគេកំពុងលបលួចលេងល្បែងតាមអនឡាញប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញវិធានការបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ក្រោយមានការរិះគន់។ ក្នុងនោះសម្ដេច ហ៊ុន សែន ក៏បានព្រមានដកតំណែងថ្នាក់ដឹកនាំមូលដ្ឋាន ដែលបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងកើតឡើងក្នុងតំបន់ផងដែរ។

ចំពោះករណីល្បែងស៊ីសងនេះ យើង​មិន​អាច​ទាក់ទងលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងលោកអធិការក្រុងក្រចេះ ដើម្បីសុំការបកស្រាយ បានទេ។

យ៉ាងណាក៏ដោយ ពលរដ្ឋស្នើសុំឲ្យអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចាត់វិធានការបង្ក្រាបទប់ស្កាត់ ដោយចូលរួមអនុវត្ត តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិឃុំមានសុវត្ថិភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *