
សារព័ត៌មានថៃចុះផ្សាយថា ថៃរំពឹងឈ្នះមេដាយមាសច្រើននៅស៊ីហ្គេមឆ្នាំនេះ ប៉ុន្តែម្ចាស់ផ្ទះនឹងប្រើល្បិច
សារព័ត៌មានក្នុងស្រុករបស់ថៃចុះផ្សាយជាភាសាអង់គ្លេសមានឈ្មោះថា THE NATION THAILAND កាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០២៣បានចុះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា «Thais expect plenty of gold at SEA Games, but warn Cambodia is ‘tricky’» ដែលបកប្រែក្រៅផ្លូវការជាខេមរភាសាថា «ថៃរំពឹងឈ្នះមេដាយមាសច្រើននៅស៊ីហ្គេមឆ្នាំនេះ ប៉ុន្តែព្រមានថាម្ចាស់ផ្ទះកម្ពុជានឹងប្រើល្បិច»។
The Nation ចុះផ្សាយដោយយោងប្រភពពីមន្ត្រីមកពីសហព័ន្ធកីឡាចំនួនប្រាំរបស់ខ្លួន ដែលថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយដែលរៀបចំដោយអាជ្ញាធរកីឡាថៃកាលពីថ្ងៃសុក្រសប្តាហ៍មុនថា «កីឡាករថៃនឹងឈ្នះមេដាយមាសយ៉ាងតិច១៥គ្រឿងក្នុង៥វិញ្ញាសាផ្សេងគ្នា នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នៅកម្ពុជាក្នុងខែឧសភាខាងមុខ ប៉ុន្តែបានទាញសញ្ញាព្រមានថា ទោះបីជាយ៉ាងណា ម្ចាស់ផ្ទះ[កម្ពុជា] អាចប្រើល្បិចមួយចំនួន»។
មន្ត្រីថៃបញ្ជាក់ថា ថៃនឹងឈ្នះមេដាយមាសហោចណាស់១៥គ្រឿងលើវិញ្ញាសាបាល់ទះ វាយកូនហ្គោល អុក ជិះទូក និងចំបាប់។ ក្នុងចំណោម ប្រធានសហព័ន្ធកីឡាថៃទាំង៥រូប លោក Visuit Tangvarithron ប្រធានសមាគមកីឡាចំបាប់ថៃរំពឹងថា យ៉ាងហោចណាស់ថៃនឹងទទួលបានមេដាយមាស១គ្រឿងពីកីឡាចំបាប់ ក្នុងចំណោមកីឡាករ១៥រូបដែលខ្លួនបញ្ជូនមកកម្ពុជា។ ប៉ុន្តែមន្ត្រីរូបនេះអះអាងថាវាជារឿងអយុត្តិធម៌ដោយចោទកម្ពុជាថា បានបញ្ជូនកីឡាករចំបាប់ម្នាក់ សញ្ជាតិអ៊ីរ៉ង់ឱ្យចូលប្រកួត ទាំងដែលមិនទាន់បានទទួល សញ្ជាតិកម្ពុជាផងនោះ។
ដោយឡែក លោក Thana Chaiprasit អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃបានយល់ស្របនឹងអ្វីដែលមន្ត្រីសហព័ន្ធចំបាប់ថៃបានលើកឡើង ដោយលោក Thana និយាយថា៖ «កម្ពុជាកំពុងធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ ដើម្បីទាញយកផលប្រយោជន៍ពីដៃគូប្រកួតប្រជែង រួមទាំងការបញ្ជូនអត្តពលិកដែលបានប្តូរសញ្ជាតិ និងចាត់តាំងអាជ្ញាកណ្តាលកម្ពុជាខ្លួនឯងឱ្យកាត់សេចក្តី»។
លើសពីនេះអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃរូបនេះ បន្ថែមថាអត្តពលិកថៃនឹងពិបាកទៅប្រកួតស៊ីហ្គេមនៅកម្ពុជា ដោយសារពួកគេប្រហែលជាគ្មានកន្លែងសម្រាប់ស្នាក់នៅ។ លោកអះអាងថាកម្ពុជាមិនទាន់បានត្រៀមខ្លួនពេញលេញសម្រាប់ការប្រកួតទេ ដោយភាគីថៃត្រូវកក់បន្ទប់សណ្ឋាគារសម្រាប់អត្តពលិកបម្រុងទុក ព្រោះកន្លែងស្នាក់នៅសម្រាប់អត្តពលិកមិនទាន់សាងសង់រួចរាល់៕