ព័ត៌មានជាតិ

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងនឹងបើកការដ្ឋានសាងសង់យ៉ាងយូរត្រឹមខែ៦ ឆ្នាំ២០២៣ និងធ្វើរួចរាល់នៅឆ្នាំ២០២៧

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវល្បឿនលឿនទី២របស់កម្ពុជាពីភ្នំពេញទៅក្រុងបាវិត ខេត្តស្វាយរៀង ព្រំប្រទល់កម្ពុជា វៀតណាម ដែលកម្ពុជាបានចរចាចប់អស់ហើយនូវកិច្ចព្រមព្រៀងរវាងរដ្ឋ និងឯកជន ដោយគ្រោងនឹងបើកការដ្ឋានសាងសង់យ៉ាងយូរត្រឹមខែ៦ ឆ្នាំ២០២៣នេះ ខណៈគ្រោងធ្វើរួចរាល់នៅឆ្នាំ២០២៧។

ការថ្លែងនេះរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទី១៥ ខែកុម្ភៈ។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ លើកឡើងថាចំពោះការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលមានប្រវែងប្រមាណ ១៣៥គីម៉ែត្រ ឬក៏ហៅថាផ្លូវល្បឿនលឿនទី២របស់កម្ពុជានេះ គឺចង់បញ្ជាក់ដោយសារតែមានការជជែកគ្នាមួយចំនួនថាមិនទាន់ឃើញមានការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនៃការសាងសង់ផ្លូវមួយនេះ ដោយអ្នកខ្លះមានចម្ងល់ ថាតើអាចនឹងមានការលុបចោល ឬយ៉ាងណា? ដូច្នេះលោករដ្ឋមន្ត្រីបញ្ជាក់ហើយថាមិនមានការលុបចោលការស្ថាបនានោះទេ។ លោកថាចំពោះការយឺតយ៉ាវនៃការចុះហត្ថលេខាគឺទាក់ទងទៅនឹងនីតិវិធីផ្ទៃក្នុងមួយចំនួននៅខាងភាគីចិនដោយសារតែកកន្លងទៅប្រទេសចិនមានបញ្ហាកូវីដ-១៩ ជាដើមទើបធ្វើឲ្យការរៀបចំវិធីចុះហត្ថលេខា ដោយត្រូវមានថ្នាក់ដឹកនាំប្រទេសទាំង២ចូលរួមជាសាក្សីនោះមានភាពយឺតយ៉ាវ តែទោះជាយ៉ាងណាក្រុមហ៊ុនដែលទទួលសាងសង់ផ្លូវមួយនេះបានសន្យាហើយថានឹងបើកការដ្ឋានសាងសង់ផ្លូវយ៉ាងយូរត្រឹមខែ ៦ ឆ្នាំ ២០២៣នេះ ខណៈគ្រឿងចក្រមួយចំនួនក៏បានបញ្ជូនទៅកាន់ទីតាំងដែលត្រូវធ្វើបើកការដ្ឋានសាងសង់រួចហើយ ដោយគ្រោងសាងសង់ឲ្យរួចរាល់នៅឆ្នាំ ២០២៧ខាងមុខ ដើម្បីឲ្យស្របគ្នានឹងផ្លូវពីហូជីមិញមកម៉ុខបាយខាងភាគីវៀតណាម ដើម្បីធ្វើការតភ្ជាប់គ្នានៅបាវិតខេត្តស្វាយរៀងរបស់កម្ពុជា ដោយផ្លូវខាងភាគីវៀតណាមនឹងធ្វើរួចក្នុងឆ្នាំ ២០២៧ ដូចគ្នា។

សូមបញ្ជាក់ជូនថា ខណៈដែលមានការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតប្រវែងប្រមាណ ១៣៥ គីឡូមែត្រនេះនៅត្រើយខាងកើត ក្នុងស្រុកល្វាឯម ខេត្តកណ្តាល រាជរដ្ឋាភិបាលកម្ពុជាក៏គ្រោងនឹងសាងសង់ស្ពានមួយឆ្លងទន្លេមេគង្គត្រង់ចំណុចឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយតភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី៣ ទៅភ្ជាប់នឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះដែរ ដើម្បីសម្រួលឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋពីប៉ែកខាងផ្លូវជាតិលេខ១ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញ- បាវិត ដោយឆ្លងកាត់តាមរយៈស្ពាននេះ និងមិនមានចំណាយថវិកាអ្វីឡើយ ដោយស្ពាននេះសាងសង់ដោយថវិការដ្ឋផ្ទាល់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *