ព័ត៌មានជាតិ

ព្រឹកមិញ​ឆេះផ្ទះ និងហាងលក់ដូរមួយចំនួននៅក្រុងប៉ោយប៉ែត អាជ្ញាធរមិនទាន់បញ្ជាក់ពីមូលហេតុ

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២៣នេះ មានករណីអគ្គិភ័យ បានឆាប់ឆេះផ្ទះ ហាងលក់ដូរ និងទីតាំងធ្វើអាជីវកម្មផ្សេងៗ ចំនួន៥ខ្នង នៅចំណុចមុខសណ្ឋាគាអូរមាស ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សម្រាប់ផ្ទះ ដែលបានឆេះនោះ មានម្ចាស់ទី១. ហាងម៉ាត BPA 24h ម្ចាស់ឈ្មោះ យ៉ាំ សីវលីន (ខូចខាតផ្ទះមួយកំណាត់ខាងក្រោយ), ទី២. ហាងលក់សំបកកង់រថយន្ត ម្ចាស់ឈ្មោះ អ៊ុង ស៊ីមាណាត ភេទប្រុស អាយុ៣៦ឆ្នាំ (ខូចខាងផ្ទះទាំងស្រុង), ទី៣. ហាងលក់សម្ភារគ្រឿងអគ្គិសនី ម្ចាស់ឈ្មោះ លី សៀងផេង (ខូចខាតទាំងស្រុង), ទី៤. ហាងលក់គ្រឿងអេឡិចត្រូនិច ម្ចាស់ឈ្មោះ សារ៉ាយ ទី៥. ហាងអិនធីស៊ីកំទ្យូទ័រ មានម្ចាស់ឈ្មោះ ឈី សូវៀត (ការខូចខាតក្តាប់មិនទាន់បាន) ។

ក្នុងកិច្ចប្រតិបត្តិការនេះប្រើប្រាស់កម្លាំងដឹកនាំដោយឯកឧត្តម អ៊ុ រាត្រី ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះ ជាង១០គ្រឿង និងប្រើប្រាស់កម្លាំងជាង ១ពាន់នាក់ ហើយក្នុងពេលពន្លត់អគ្គិភ័យនោះ មានកម្លាំងម្នាក់បានរងរបួស ។ តែយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ មិនទាន់បញ្ជាក់ពីមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះ ហើយរងការខូចខាតអស់ប៉ុន្មានោះទេ ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ករណីអគ្គិភ័យនេះ គ្រប់គ្រងបានទាំងស្រុង នៅជាង៩ព្រឹក ថ្ងៃកើតហេតុ បន្ទាប់ពីមានការអន្តរគមន៍ពីសមត្ថកិច្ច ក្នុងការនាំយកនូវរថយន្តពន្លត់អគ្គិភ័យ មកបាញ់ពន្លត់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *