សង្គម

ក្រុមម៉ូតូឌុប និងក្រុមកង់បីជិត១០០នាក់ បើកឆាកប្រយុទ្ធដណ្តើមម៉ូយនៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត

(បន្ទាយមានជ័យ) ៖ ក្រុមម៉ូតូឌុប និងក្រុមម៉ូតូកង់បីចំនួន២ក្រុម ដែល​មានគ្នាជិត១០០នាក់ ប្រដាប់ដោយដំបង បានបើកឆាកប្រយុទ្ធវ៉ៃតប់បង្កហិង្សាកើតចេញពីរឿងដណ្តើមម៉ូយ នៅខាងមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

មន្ត្រីនគរបាលអន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ការឈ្លោះប្រកែកវ៉ៃតប់គ្នា រវាងក្រុមម៉ូតូឌុប និងក្រុមកង់បីនេះ គឺកើតឡើងដោយការដណ្តើមម៉ូយ ភ្លាមៗកម្លាំងជំនាញ ក៏បានធ្វើអន្តរាគមន៍រំសាយពួកគេឱ្យបញ្ឈប់សកម្មភាព។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្រាវជ្រាវរកអ្នកដែលបង្កហិង្សា ដើម្បីយកមកធ្វើកិច្ចសន្យាណែនាំអប់រំឱ្យបញ្ឈប់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវជាតិ និងអន្តរជាតិ ដែលចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ។

គួរបញ្ជាក់ថា ក្រុមទាំងពីរនេះ កន្លងមកធ្លាប់បានទំនាស់ដណ្តើមម៉ូយគ្នា ២ទៅ៣ដងរួចមកហើយ តែទំនាស់ត្រឹមពាក្យសំដី មិនធ្ងន់ធ្ងរដូចលើកនេះទេ។ ជុំវិញរឿងរ៉ាវខាងលើ ភ្ញៀវជាតិ ដែលឆ្លងកាត់ទីនោះ បានឱ្យដឹងថា សកម្មភាពវ៉ៃតប់បង្កហិង្សារវាងក្រុមទាំងពីរ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ធ្វើឱ្យភ្ញៀវជាតិអន្តរជាតិ ដែលចេញចូលមានការព្រួយបារម្ភពីសត្ថភាព ហើយសុំឱ្យមន្ត្រីជំនាញពាក់ព័ន្ធ​ជួយរៀបចំសណ្តាប់ធ្នាប់ឡើងវិញ មិនត្រូវទុកឱ្យក្រុមទាំងនោះ បង្កការសកម្មភាពដណ្តើមភ្ញៀវ ដែលធ្វើឱ្យប៉ះពាល់សុវត្ថិភាពអ្នកធ្វើដំណើរឆ្លងកាត់ទីនោះទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *