ត្រៀមខោអាវរងាបងប្អូន! ខណៈអាកាសធាតុតំបន់មួយចំនួនចុះត្រជាក់ដល់ ១៤អង្សា

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា ស្ថានភាពអាកាសធាតុនៅតំបន់ខ្ពង់រាប និងតំបន់ពាយព្យ នឹងចុះត្រជាក់ខ្លាំងរហូតដល់ ១៤អង្សា ដោយសារទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរ ទៅខ្លាំងមកលើកម្ពុជា ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាស្ថានភាពបែបនេះនឹង ដែលស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុបន្តចុះត្រជាក់បន្ថែមទៀត ជាពិសេសនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមករា ធ្វើឱ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង ដោយសីតុណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះ អាចធ្លាក់ចុះដល់ ១៤ ទៅ ១៦អង្សា។

ដោយឡែកបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាមានពី ១៧អង្សា ទៅ ២១អង្សា ចំណែកនៅរាជធានីភ្នំពេញវិញ សីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ២០អង្សា ហើយបន្ទាប់ពីនោះដល់ថ្ងៃទី០៥ ខែកុម្ភៈ សីតណ្ហភាពនឹងវិលមកជាធម្មតាវិញ។

ជាមួយគ្នានេះដែរ ក្រសួងធនធានទឹកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុដែលនឹងចុះត្រជាក់នេះ៕