បាញ់សម្លាប់​យ៉ាង​រង្គាល​នៅ​ជាយក្រុងឡូ​ស​អ៊ែន​ជើ​ឡេស ក្បែរ​កន្លែង​រៀបចំ​ពិធី​អបអរ​ចូល​ឆ្នាំ​ចិន​

ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់​សម្លាប់​មនុស្ស​ដប់​នាក់ និង​បង្កអោយដប់​នាក់​ទៀត​រងរបួស​នៅ​ក្លិប​រាំ​បាល់​ឡេ​ក្នុង​តំបន់​ឡូ​ស​អ៊ែន​ជើ​ឡេស​មួយ​ក្រោយ​ការ​ប្រារព្វ​ពិធី​អបអរ​ការ​ចូល​ឆ្នាំ​ចិន​ថ្មី ជាហេតុ​នាំ​មាន​ការតាមប្រមាញ់​ជន​សង្ស័យ​នៅក្នុង​ការបាញ់​សម្លាប់​ម​នុស្ស​ច្រើន​ៗ​លើក​ទី​ប្រាំ​នៅ​អាម៉េរិក​នៅក្នុង​ខែ​មករា​នេះ​។​

​អនុសេនីយ៍ឯក អ៊ែន​ឌ្រូ មេ​យ័រ (Andrew Meyer)​នៅ​នាយកដ្ឋាន​តម្រួត​ឡូ​ស​អ៊ែន​ជើ​ឡេស បាន​និយាយ​កាល​ពី​ថ្ងៃអាទិត្យ​ថា អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​និង​ស្ថានភាព​របួស​របស់​គេ​មាន​ពី​នឹងនរ​ដល់​ធ្ងន់​។​មនុស្ស​ដប់​នាក់​បាន​ស្លាប់​នៅនឹងកន្លែង​នៅក្នុង​ទីក្រុង ម៉ុន​ធឺ​រ៉េ ផាក​(Monterey Park)​នៅជាយក្រុង​ឡូ​ស​អ៊ែន​ជើ​ឡេស​។​

​លោក​មេ​យ័រ​បាន​និយាយថា មនុស្សម្នា​បាន​រត់ចេញ​ពី​កន្លែងកើតហេតុ​ទាំង​ស្រែក​ភ័យ​នៅពេល​តម្រួត​បាន​ទៅ​ដល់​នៅ​ម៉ោង​១០កន្លះ​យប់​ថ្ងៃ​សៅរ៍​។​ក្រុម​តម្រួត​បាន​ឆ្ពោះទៅ​កាន់​សាល​រាំ​និង​បាន​ឃើញ​ជនរងគ្រោះ​នៅ​ពេល​បុគ្គលិក​អគ្គិភ័យ​កំពុង​ព្យាបាល​អ្នករងរបួស​។​ជនល្មើស​ជា​បុរស​កំពុង​រត់​គេ​ច​ខ្លួន​។​

​លោក​ក៏​បាន​និយាយថា ប៉ូលីស​កំពុង​ធ្វើ​ការស៊ើបអង្កេត​ឧបទ្ទវហេតុ​មួយទៀត​នៅ​ទីក្រុងអាល់​ហាម​ប្រា (Alhambra)​ក្បែរ​នោះ​។​ពួក​មន្ត្រី​មិន​បាន​ផ្តល់​ព័ត៌មាន​ថា​មាន​អ្វី​បាន​កើត​នៅ​ទីនេះទេនិង​គេ​ក៏​មិនដឹង​ថា​តើ​ឧបទ្ទវហេតុ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបាញ់ប្រហារ​នៅ ទីក្រុង ម៉ុន​ធឺ​រ៉េ ផាក​ដែរ​ឬ​អត់​។

ការបាញ់ប្រហារ​កើតមាន​នៅ​ទីក្រុង ម៉ុន​ធឺ​រ៉េ ផាក កន្លែង​ដែល​អំពូល​ភ្លើងក្រហម​ត្រូវបាន​តុបតែង​តាម​ដង​វិថី​ដើម្បី​អបអរ​ឆ្នាំ​ថ្មី​របស់​ប្រជាជន​ចិន​។​ការអបអរ​ការចូល​ឆ្នាំ​ថ្មី​របស់​ប្រជាជន​ចិន​និង​កាត់ចិននៅ​ទីក្រុង ម៉ុន​ធឺ​រ៉េ ផាក ជា​ពិធី​ធំ​បំផុត​និង​ទាក់ទាញ​មនុស្ស​រាប់​ម៉ឺន​នាក់​។​អ្នកស្រុក​នៅ​ទីក្រុង​ម៉ុន​ធឺ​រ៉េ ផាក ភាគច្រើន​ជា​ជនអន្តោប្រវេសន៍​ទៅ​ពី​ចិន ឬ​ជនជាតិ​អាម៉េរិក​ដើមកំណើត​អាស៊ី​ជំនាន់​ទី​មួយ​។​

សូមបញ្ជាក់​ថា វា​ជា​ការបាញ់ប្រហារ​សម្លាប់​មនុស្ស​ច្រើនៗ​លើក​ទី​ប្រាំ​នៅ​អាម៉េរិក​ចាប់តាំងពី​ដើមឆ្នាំ​២០២៣​និង​ជា​ការសម្លាប់​មនុស្ស​ច្រើន​បំផុត​នៅ​អាម៉េរិក​ចាប់តាំងពី​ថ្ងៃ​២៤ ឧសភា ឆ្នាំ​២០២២ ពេល​ដែល​មនុស្ស​២២​នាក់​ត្រូវបាន​សម្លាប់​នៅ​សាលារៀន​មួយ​ក្នុង​ក្រុង​យូ​វ៉ាល់​ដេ​(Uvalde) រដ្ឋ​តិច​សាស់​៕