ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីឈប់ប្តឹងលោក គង់ គាំ ក្រោយ​ប្រគល់ដី និង​ផ្ទះ​មក​ឲ្យ​រដ្ឋវិញ

សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃកម្ពុជា បានសម្រេច​ឈប់ប្តឹង​លោក គង់ គាំ ក្រោយ​ពី​លោក​បាន​ផ្តិតមេដៃ​ប្រគល់ដី និង​ផ្ទះ ដែលមានទំហំជាងកន្លះហិកតា​ស្ថិត​ក្នុង​សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមក មក​ឲ្យរដ្ឋវិញ។

សម្តេចតេជោ បានសរសេរ​នៅ​លើ​បណ្តាញសង្គមនៅយប់ថ្ងៃទី១២​ ខែមករា​ ថា​ “ទីបំផុតដីនិងផ្ទះដែលជាសម្បត្តិរដ្ឋត្រូវបានលោកគង់ គាំ​ និងភរិយា​ ផ្តិតមេដៃប្រគល់ជូនរដ្ឋវិញ​ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ​ ធ្វើការជាមួយលោកគង់ គាំ​ និងគ្រួសាររយ:ពេល៣ម៉ោងកន្លះ។​ កុំឱ្យយប់យូរ​ សុបិនច្រើន​ ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេគឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះជូនក្រសួងការបរ​ទេសដែលអាចធ្វើនាសប្តាហ៍ក្រោយ”។

សូមបញ្ជាក់ថា​ លោក​ គង់​ គាំ​ និងភរិយា​ បានស្ម័គ្រចិត្តប្រគល់ដីលេខ ៧១ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ 12010105-0113 មានលេខក្បាលដី 113 ទំហំ ៥២៩០ម២ ស្ថិតនៅក្នុងភូមិ៥ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ហើយមានឈ្មោះ កម្មសិទ្ធិករ គង់ គាំ ជាប្តី និងនាង សៀក អយ ជាប្រពន្ធ ជូនរដ្ឋវិញ។​ នេះបេីយោងតាមលិខិតប់លោកគង់​ គាំ​ ជម្រាបជូនឯកឧត្តម​ កិត្តិនីតិកោសលបណ្ឌិត​ ទេសរដ្ឋមន្ត្រី​ ឱម​ យ៉ិនទៀង​ ប្រធានអង្គភាពប្រឆាំងអំពេីពុករលួយ​ នៅថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០២៣។

លោកគង់​ គាំ​ បានបញ្ជាក់ថា​ “ដូចគោរពជម្រាបជូនក្នុងកម្មវត្ថុខាងលើ ដោយរូបខ្ញុំបាទមានការឆ្គាំឆ្គង និងយល់មិនបានអស់អំពី បែបបទនៃការសុំកាន់កាប់នូវផ្ទះ និងដី និងម្យ៉ាងទៀត ដើម្បីកុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ខាតពេលវេលាក្នុងការស្រាវជ្រាវ ហើយអាចបញ្ចប់ករណីនេះ ខ្ញុំបាទ និងភរិយា សូមប្រគល់ផ្ទះ និងដីលេខ ៧១នេះ ដោយស្ម័គ្រចិត្តជូនមករដ្ឋវិញ។​ ខ្ញុំបាទ សូមផ្តិតមេដៃទទួលខុសត្រូវអំពីការសម្រេចរបស់ខ្ញុំបាទ និងភរិយា ដោយមិនកែប្រែ ហើយក៏សូមអរគុណដល់អង្គភាពប្រឆាំងអំពើពុករលួយ និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុគ្រោះ ដល់ការឆ្គាំឆ្គង ទាំងនេះរបស់ខ្ញុំបាទ”​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *