IMF ព្រមានថា សេដ្ឋកិច្ចពិភពលោកប្រឈមនឹងឆ្នាំកាន់តែតានតឹងនៅឆ្នាំ ២០២៣ នេះ

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានលើកឡើងកាលពីថ្ងៃអាទិត្យទី ១ ខែមករាថា សម្រាប់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣ នឹងជាឆ្នាំដ៏លំបាកមួយ ដោយសារម៉ាស៊ីនសំខាន់នៃកំណើនពិភពលោក រួមមានសហរដ្ឋអាម៉េរិក អឺរ៉ុប និងចិន កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។

លោកស្រី Georgieva បាននិយាយនៅក្នុងកម្មវិធីព័ត៌មានព្រឹកថ្ងៃអាទិត្យរបស់ប្រព័ន្ធផ្សព្វផ្សាយ CBS ថា ឆ្នាំថ្មីនឹងមានភាពតឹងតែងជាងឆ្នាំមុនៗ។ ហេតុអ្វី? ដោយសារតែសេដ្ឋកិច្ចធំៗទាំងបី គឺសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងចិន សុទ្ធតែកំពុងធ្លាក់ចុះក្នុងពេលដំណាលគ្នា»។

នៅក្នុងខែតុលា IMF បានកាត់បន្ថយទស្សនវិស័យរបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៣ ដោយឆ្លុះបញ្ចាំងពីការអូសបន្លាយពីសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាសម្ពាធអតិផរណា និងអត្រាការប្រាក់ខ្ពស់ដែលបង្កើតឡើងដោយធនាគារកណ្តាលដូចជា Federal Reserve របស់សហរដ្ឋអាម៉េរិក។ ស្របពេលដែល ចិនបានលុបចោលគោលនយោបាយកូវីដ ១៩ សូន្យរបស់ខ្លួន ហើយបានចាប់ផ្តើមដំណើរការដ៏វឹកវរនៃសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ទោះបីជាអ្នកប្រើប្រាស់នៅតែមានការប្រុងប្រយ័ត្ននៅពេលដែលករណីឆ្លងមេរោគកើនឡើងក៏ដោយ។ នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងចាប់តាំងពីការផ្លាស់ប្ដូរគោលនយោបាយមក លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃសៅរ៍ទី ៣១ ខែធ្នូឆ្នាំ ២០២២ បានអំពាវនាវនៅក្នុងសុន្ទរកថាឆ្នាំថ្មីសម្រាប់កិច្ចខិតខំប្រឹងប្រែង និងការរួបរួមបន្ថែមទៀត នៅពេលដែលប្រទេសចិនឈានចូលដំណាក់កាលថ្មីមួយ។

លោកស្រី Georgieva បានសង្កត់ធ្ងន់ថា ជាលើកដំបូងក្នុងរយៈពេល ៤០ ឆ្នាំ កំណើនរបស់ប្រទេសចិននៅឆ្នាំ ២០២២ ទំនងជាស្មើឬទាបជាងកំណើនពិភពលោក។ លោកស្រី ដែលបានធ្វើដំណើរទៅប្រទេសចិនកាលពីចុងខែមុន បានបន្តថា កំណើននៃការឆ្លងជំងឺកូវីដ ១៩ ដែលរំពឹងទុកនៅទីនោះក្នុងប៉ុន្មានខែខាងមុខ ទំនងជានឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះបន្ថែមទៀតនៅឆ្នាំនេះ និងអូសបន្លាយទាំងកំណើនក្នុងតំបន់ និងពិភពលោក។ លោកស្រី Georgieva បានបន្ថែមថា សម្រាប់ពីរបីខែខាងមុខ វានឹងមានភាពលំបាកសម្រាប់ប្រទេសចិន ហើយឥទ្ធិពលលើកំណើនរបស់ចិននឹងមានភាពអវិជ្ជមាន បង្កឱ្យមានផលប៉ះពាល់ក្នុងតំបន់ និងថែមទាំងមានផលប៉ះពាល់លើកំណើនពិភពលោកទៀតផង។

នៅក្នុងការព្យាករណ៍កាលពីខែតុលា IMF បានកំណត់កំណើនផលិតផលក្នុងស្រុកសរុបរបស់ចិនកាលពីឆ្នាំមុននៅត្រឹម ៣,២ ភាគរយដែលស្មើនឹងទស្សនវិស័យសកលរបស់មូលនិធិសម្រាប់ឆ្នាំ ២០២២។ នៅពេលនោះ ស្ថាប័នមួយនេះក៏បានឃើញកំណើនប្រចាំឆ្នាំនៅក្នុងប្រទេសចិនកើនឡើងនៅឆ្នាំ ២០២៣ ដល់ ៤,៤ ភាគរយ ខណៈពេលដែលសកម្មភាពសកលបានធ្លាក់ចុះបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ ការអត្ថាធិប្បាយរបស់លោកស្រី ស្នើឱ្យមានការកាត់បន្ថយចំពោះទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន និងសកលលោក អាចនឹងស្ថិតក្នុងការបញ្ចប់នៅចុងខែនេះ នៅពេលដែល IMF ជាធម្មតាបង្ហាញការព្យាករណ៍ថ្មីៗក្នុងអំឡុងពេលវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស។

ទន្ទឹមនឹងនេះ លោកស្រី Georgieva បានបង្ហាញថា៖«សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកអាចជៀសវាងការធ្លាក់ចុះដែលទំនងជានឹងប៉ះពាល់យ៉ាងខ្លាំងដល់មួយភាគបីនៃសេដ្ឋកិច្ចរបស់ពិភពលោក។ សហរដ្ឋអាម៉េរិកមានភាពធន់បំផុត ហើយមហាអំណាចមួយនេះអាចជៀសវាងការធ្លាក់ចុះសេដ្ឋកិច្ច។ យើងឃើញថាទីផ្សារការងារនៅតែមានភាពរឹងមាំ»៕