ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ប្រមុខដឹកនាំអាស៊ានចេញសេចក្ដីថ្លែងការណ៍អនុញ្ញាតឱ្យទីម័រឡេស្តក្លាយជាសមាជិកអាស៊ានទី១១

(ភ្នំពេញ)៖ ប្រមុខដឹកនាំអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍រួមមួយស្ដីអំពីសំណើរសុំចូលជាសមាជិកអាស៊ានទី១១ របស់ប្រទេសទីម័រឡេស្ត។ សេចក្ដីថ្លែងការណ៍បានឯកភាពគ្នាជារួម ក្នុងការអនុញ្ញាតឱ្យទីម័រឡេស្តក្លាយជាប្រទេសសមាជិកអាស៊ានទី១១ បន្ទាប់ពីកម្ពុជា។

សេចក្ដីថ្លែងការដែលចេញនៅថ្ងៃទី១១ វិច្ឆិកានេះបានផ្ដោតលើចំនុចសំខាន់ៗចំនួន៤ រួមមាន៖
ទី១ ជាគោលការណ៍ ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ានទី១១។
ទី២ ផ្ដល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្ដេចូលរួម ក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។

ទី៣ បង្កើតជាផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូលជា សមាជិកពេញសិទ្ធិរបស់ទីម័រឡេស្ត រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍នៃបេសកកម្មស្វែងរកការពិតទាំងបីសសរស្តម្ភរបស់អាស៊ាន និងបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ានក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័តក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។

និងចុងក្រោយគឺ ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្ដល់ការគាំទ្រដោយពេញលេញចំពោះ ទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបានកំណត់ទាំងនោះ តាមរយៈការ កសាងសមត្ថភាព និងផ្ដល់ការគាំទ្រចាំបាច់នានាផ្សេងទៀតសម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្ត។

គួរបញ្ជាក់ថា សេចក្ដីថ្លែងការរួមរបស់ប្រមុខដឹកនាំអាស៊ាននេះធ្វើឡើង នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោយបានពិចារណាលើលទ្ធផលនៃបេសកកម្មស្វែងរកការពិតរបស់សសរស្ដម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន៕