ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជាគ្រោងជួបប្រធានាធិបតីអ៊ុយក្រែននៅប៉ុន្មានថ្ងៃខាងមុខ

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បើគ្មានអ្វីប្រែប្រួលនោះទេសម្ដេចនឹងជួបប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី តាមទូរស័ព្ទនាប៉ុន្មានថ្ងៃខាងមុខ។

តាមរយៈការបង្ហោះលើបណ្ដាញសង្គមហ្វេសបុកនៅថ្ងៃទី២៧ ខែតុលានេះ សម្ដេចតេជោ បានឱ្យដឹងថាបន្ទាប់ពីបេសកម្មជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់វគ្គទី១ ត្រូវបញ្ចប់ សម្ដេចត្រូវពិនិត្យឯកសារជាច្រើនដែលជាការងារផ្ទៃក្នុងប្រទេស ខណៈការងារការបរទេសសម្ដេចក៏មានការងារទាក់ទងនឹងការប្រជុំអាស៊ាន ការប្រជុំ G20 និងការប្រជុំ APEC ដែលត្រូវដោះស្រាយ។

ក្នុងនោះផងដែរសម្ដេចក៏នឹងជួបជាមួយលោក ហ្សេលែងស្គី តាមទូរស័ព្ទដើម្បីពិភាក្សាគ្នាផងដែរ។

សម្ដេចតេជោសរសេរថា៖ «ប្រសិនគ្មានការប្រែប្រួលនិងការសម្របសម្រួលពេលវេលាតាមផ្លូវការទូតដែលកំពុងធ្វើនោះទេខ្ញុំនឹងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ»។

នៅមិនទាន់ដឹងថាសម្ដេចតេជោ និងពិភាក្សាពីបញ្ហាអ្វីខ្លះជាមួយលោក ហ្សេលែនស្គី នោះទេ ខណៈនេះអាចហៅថាជាលើកដំបូងហើយដែលសម្ដេចតេជោ ហ៊ុន សែន មានជំនួបជាមួយប្រធានាធិតីអ៊ុយក្រែនបន្ទាប់ពីរុស្ស៊ីបានបើកការវាយលុកលើប្រទេសនេះតាំងពីខែកុម្ភៈមក។

កម្ពុជាគឺជាប្រទេសមួយដែលជំទាស់ជានិច្ចលើការឈ្លានពានរបស់រុស្ស៉ីនេះដោយបង្ហាញឡើងតាមរយៈការបោះឆ្នោតប្រឆាំងការលុកលុយ និងទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែន ទោះជាយ៉ាងប្រទេសកម្ពុជាក៏មិនគាំទ្រការដាក់ទណ្ឌកម្មលើរុស្ស៉ីផងដែរដោយចាត់ទុកថាសកម្មភាពទណ្ឌកម្មលើរុស្ស៊ីនឹងបង្ករការខាតបង់កាន់តែខ្លាំង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *