ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

រដ្ឋបាលស្រុកកណ្តាលស្ទឹង បើក​កិច្ច​ប្រជុំ​ពីផែនការ​ការពារសន្តិសុខ កំឡុង​ពេល​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត

រដ្ឋបាលស្រុកកណ្តាលស្ទឹង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២២កន្លងទៅនេះ បាន​បើក​កិច្ច​ប្រជុំ​ស្តីពី​ផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សម្រាប់ការ​ពិនិត្យ​បញ្ជីឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ដែលគ្រោងនឹងប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី២០ ខែតុលា ដល់​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង។

បើតាម​ការ​បញ្ជាក់របស់​លោក អ៊ូច សាវឿន កិច្ច​ប្រជុំនេះ មានគោល​បំណង​ដើម្បី​សំដៅ​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ដើម្បី​ឱ្យ​ដំណើរ​ការ​ចុះឈ្មោះបោះឆ្នោតស្ថិត​ក្នុង​បរិយាកាស​នយោបាយ​អព្យាក្រឹត ប្រជាធិបតេយ្យសេរី យុត្តិធម៌ និង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​គ្មាន​ការ​ភ័យ​ខ្លាច ការ​គំរាមកំហែង ការ​បំភិតបំភ័យ និង​អំពើហិង្សា​ជាដើម។

ជាមួយ​គ្នា​នេះ លោកអភិបាលស្រុក ក៏​បានបញ្ជាក់បន្ថែម​ទៅ​ដល់​សមត្ថកិច្ច​អាជ្ញាធរ​នៅ​តាម​ភូមិ​ឃុំ​ទាំងអស់ សូម​ពិនិត្យ​មើល​មូលដ្ឋាន​របស់ខ្លួន ហើយ​ត្រូវ​ធានា​ថា មូលដ្ឋាន​ទាំងនោះ​មិន​ត្រូវ​មាន​ល្បែង​ស៊ីសង​ជា​ដាច់ខាត ដើម្បី​អនុវត្ត​ឱ្យ​បាន​នូវ​គោល​នយោបាយ​ភូមិ​ឃុំ​មានសុវត្ថិភាព ក៏​ដូចជា​ការ​អនុវត្ត​នូវ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល៕