ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

សត្វដំរីជាង១០ក្បាល ដែលចូលរួមបម្រើទេសចរ អស់ជាច្រើនឆ្នាំនៅរមណីយដ្ឋាន អង្គរនឹងមានសេរីភាពរស់តាមធម្មជាតិវិញ

ខេត្តសៀមរាប ៖ សត្វដំរីប្រមាណជាង១០ក្បាល ត្រូវបានសហគមន៍គ្រប់គ្រងសត្វដំរីសហការជាមួយអាជ្ញាធរជាតិអប្សរា ដឹកជញ្ជូនយកទៅអភិរក្សនៅព្រៃសហគមន៍បុស្សធំ ស្ថិតស្រុកសូទ្រនិគម ដើម្បីឱ្យពួកគេរស់មានសេរីភាព នៅតាមបែបធម្មជាតិ បន្ទាប់ចូលរួមយ៉ាងសកម្ម ក្នុងការបម្រើដល់វិស័យទេសចរណ៍ នៅរមណីយដ្ឋានអង្គរជាច្រើនឆ្នាំមកនោះ ប៉ុន្តែស្ថិតក្រោមការថែទាំ របស់សមាគមគ្រប់គ្រងសត្វដំរីដដែល។

តាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលបានចេញផ្សាយនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្នុងបរិបទថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាដើម្បីលើកកម្ពស់ជីវិតនៃការរស់នៅបែបធម្មជាតិរបស់សត្វដំរី សមាគមគ្រប់គ្រងសត្វដំរីសហការជាមួយអាជ្ញាធរជាតិអប្សរា នឹងបញ្ជូនសត្វដំរីជាបណ្តើរៗ ចេញពីរមណីយដ្ឋានអង្គរ សំដៅទៅរកការបញ្ឈប់សកម្មភាពអាជីវកម្ម ក្នុងការយកសត្វដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្ត នៅរមណីយដ្ឋានអង្គរ នៅដើមឆ្នាំ២០២០តទៅ៕