ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

សម្តេចតេជោ ៖ ការបាញ់មីស៊ីល ឆ្លងប្រទេសជប៉ុន​ពី​សំណាក់​កូរ៉េខាង​ជើង ជាការ​គំរាម​កំហែងសន្តិសុខ​ក្នុង​តំបន់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបាញ់​កាំជ្រួច​មីស៊ីល​ឆ្លង​ប្រទេសជប៉ុនពីសំណាក់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី៤កន្លងទៅថ្មីៗនេះ មិន​មែន​ជា​ការ​លេងសើចនោះទេ ដោយបញ្ហា​នេះ​គឺ​បាន​កំពុង​គំរាម​កំហែង​យ៉ាង​ខ្លាំង​ចំពោះ​សន្តិសុខ​ក្នុង​តំបន់​ក៏​ដូចជាពិភពលោកនោះ។

ថ្លែង​នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ថ្លែងបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ​២០២២» នៅសណ្ឋាគារ សុខាភ្នំពេញនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា​បាន​ថ្កោល​ទោស​រួច​មក​ហើយ​ទាក់​ទង​នឹង​ការ​បាញ់​កាំជ្រួច​មីស៊ីល​របស់ប្រទេសកូរ៉េ ខាងជើងនេះ ដែលកត្តានេះ​កម្ពុជា​នៅ​តែ​ប្រកាន់​គោល​ជំហ​របស់​ខ្លួន​ដដែល​។

នៅក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋ​មន្រ្តី​គុយបា កាលពីថ្ងៃទី៤ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេច​ថ្កោលទោសការបាញ់ម៉ីស៊ីលឆ្លងកាត់ប្រទេសជប៉ុន ដែលបាន​ធ្វើ​ឡើង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យកូរ៉េ ។ សម្តេចបានសង្កត់ធ្ងន់ថា «ឥរិយាបទរបស់​សាធារណ​រដ្ឋ​ប្រជា​មានិត​ប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់ និងជាការបំពាន​មួយ​ទៀត​ទៅ​លើ​សេចក្តី​សម្រេច​នៃ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»៕