ព័ត៌មានជាតិ

មន្ទីរ​បញ្ច​កោណ ​៖ អាមេរិក​នឹង​រក្សា​កងទ័ព​ប្រហែល​៦០០​នាក់​នៅ​ប្រទេសស៊ី​រី​

អាមេរិក ៖ ប្រមុខ​មន្ទីរ​បញ្ច​កោណ​លោក Mark Esper បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋអាមេរិក​នឹង​រក្សា​កងទ័ព​ប្រហែល​៦០០​នាក់​នៅក្នុង​ប្រទេស​ស៊ី​រី​ថ្វីបើ​លោក Donald Trump ចង់​បញ្ចប់​ការចូលរួម​របស់​អាមេរិក​នៅក្នុង​អ្វីដែល​ប្រធានាធិបតី​រូបនេះ​ហៅថា​“​សង្គ្រាម​គ្មាន​ទីបញ្ចប់​”​ក៏ដោយ​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​បាន​និយាយ​លើ​យន្ដហោះ​នៅពេល​លោក​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​សេ​អ៊ូ​ល​ដើម្បី​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​យើង​នៅតែ​កំពុង​ចល័ត​កងទ័ព​ចេញពី​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​”​។ ​លោក​បន្ថែមថា “​យើង​នឹងមាន​កងទ័ព​ប្រហែល​៥០០​ទៅ​៦០០​នាក់​នៅ​ទីនោះ​”​។​

​នៅពេល​សួរថា​តើ​តួលេខ​នេះ​រាប់បញ្ចូល​ទាំង​កងទ័ព​ប្រមាណ​២០០​នាក់​ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅ​មូលដ្ឋាន Al-Tanf នៅ​ជិត​ព្រំដែន​ភាគ​អាគ្នេយ៍​ជាប់​ប្រទេស​ហ្សកដានី​ និង​អ៊ីរ៉ាក់​ដែរ​ឬក៏​អត់​នោះ​, លោក Esper បាន​និយាយថា លោក​សំដៅទៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​ដែលជា​កន្លែង​លោក Trump បាន​ណែនាំ​ឲ្យ​មន្ទីរ​បញ្ច​កោណ​ការពារ​តំបន់​ប្រេង​។​

​លោក Esper បាន​និយាយថា ចំនួន​នេះ​អាច​នឹង​ប្រែប្រួល​ជាពិសេស​ប្រសិនបើ​សម្ព័ន្ធមិត្ត​អឺរ៉ុប​ពង្រឹង​វត្តមាន​របស់​ពួកគេ​នៅក្នុង​ប្រទេស​នេះ​។​ ការប្រកាស​ភ្លាមៗ​របស់លោក Trump កាលពី​ខែ​មុន​ថា លោក​បាន​បញ្ជា​ឲ្យ​ដក​កងទ័ព​ទាំងស្រុង​គឺ​បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខឹងសម្បា​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

​ក្រុម​អ្នក​រិះគន់​បាន​និយាយថា វា​អាច​អនុញ្ញាត​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម​លេចមុខ​សារជាថ្មី​ហើយ​ទុក​ឲ្យ​ពួក​យុទ្ធជន​ឃើ​ដ​ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​ស៊ី​រី​ងាយ​រងគ្រោះ​ដោយ​ការ​លុកលុយ​របស់​ទួរគី​។​ ក្រោយមក ប្រធានាធិបតី​អាមេរិក​បាន​និយាយថា លោក​នឹង​ទុក​កងទ័ព​មួយចំនួន​នៅក្នុង​តំបន់​ដើម្បី​ការពារ​ទីតាំង​ប្រេង​ដែល​ងាយ​រងគ្រោះ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *