ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ខ្សឹបដាក់ត្រចៀក! មេគយព្រែកចាក ឈ្មោះ យី ថុល ប្រព្រឹត្តពុករលួយតាមអំពើចិត្ត

កំពត ៖តាមប្រភពពីមន្ដ្រីតូចតាចនៅប្រចាំច្រកទ្វារមួយចំនួនបានឲ្យដឹងថា លោកយី ថុល ប្រធានការិយាល័យ​គយ​ ច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត កំពុងជិះសេះលែងដៃ ដោយបើកឲ្យពួកឈ្មួញនាំទំនិញចូលគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ ។ តាំងពីមក​កាន់តំណែងជាមេគយនៅច្រកអន្តរជាតិព្រែកចាក លោក យី ថុល មិនដែលខ្វល់ជាមួយនឹងសមត្ថកិច្ចណានោះទេ គឺគិតតែ​ប្រព្រឹត្តអំពើ​ពុករលួយ ដោយមិនបានចែករំលែក​ឲ្យសមត្ថកិច្ច​នៅទីនោះឡើយ ។ ការដែលលោកហ៊ានធ្វើយ៉ាងដូច្នេះ ដោយសារតែ​លោកមេគយខេត្តកំពត ជាអ្នកបើកដៃឲ្យនោះឯង ។

ប្រភពបានឲ្យដឹងថា លោកយី ថុល តាំងពីមកកាន់តំណែងជាប្រធានការិយាល័យ​គយនៅព្រែកចាក មិនអត់ឱន​ចំពោះប្រជាពលរដ្ឋដែលនាំទំនិញតិចតួច​តាមច្រកនេះឡើយ ។ ប្រជាពលរដ្ឋនិយាយថា ការដឹកទំនិញតិចតួច​ដើម្បីបានកម្រៃដោះស្រាយជីវភាព គឺត្រូវលោក យី ថុល បង្គាប់ឲ្យមនុស្សរបស់ខ្លួនគាបយកលុយពីពួកគាត់គ្មានត្រាប្រណី ពោលគឺ​គាប​យកលុយកាន់តែច្រើនឡើងៗ ។ ផ្ទុយទៅវិញ ពួកឈ្មួញដឹកទំនិញធំៗ គ្រាន់តែទូរស័ព្ទ​ប្រាប់​លោក យី ថុល គឺរួចជាស្រេច​មិនបាច់មានការ​ត្រួតពិនិត្យ​អ្វីឡើយ ។ លោក យី ថុល យកលុយគ្រប់ទំនិញ មិនថា ផ្លែឈើ ឬ​អាហារ​គ្រឿងសមុទ្រ ដូចជា​មឹក ឬបង្គារ ដែលមានសារធាតុ​គីមី​នោះឡើយ ។ ពោលគឺបើមិនសុំការអនុញ្ញាត ឬទូរស័ព្ទ​ប្រាប់មុនទេ មុខជាត្រូវចាប់មិនខានឡើយ​។

ប្រជាពលរដ្ឋនិយាយថា បើប្រៀបធៀបនឹងគយមុនៗ នៅព្រែកចាកនេះ លោកយី ថុល ប្រព្រឹត្តអំពើពុករលួយគាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​ប្រជាពលរដ្ឋអ្នកដឹកទំនិញចេញ ចូល រកស៊ីបន្តិចបន្តួចឆ្លងទៅប្រទេសវៀតណាម ឬត្រឡប់មកវិញ ។ ប្រភពបានបន្ថែមថា ទំនិញដែលឈ្មួញ​នាំចូលតាមច្រកទ្វារព្រែកចាក-តន់ហន់ និងច្រកសមុទ្របង់ពន្ធជូនរដ្ឋ​ប្រមាណពី៣០ទៅ៤០ភាគរយប៉ុណ្ណោះ ពីព្រោះលោក ហេង សំបូរ មេគយខេត្តកំពត ក៏ដូចជាលោកយី ថុល មេគយព្រែកចាក និងមេគយច្រកដទៃទៀត​ក្នុងខេត្តកំពត ឃុបឃិត​ជាមួយឈ្មួញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនយកធ្វើមាន ធ្វើបាន យ៉ាងសុខស្រួល ៕