ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី និងសហការី បានចុះទៅពិនិត្យចំការបន្លែរបស់អ្នកស្រី សោម ឌៀត និងស្វាមី ហេង គង់ ដែលជាសមាជិកក្រុមកសិករគម្រោងCHAlN នៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ

ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានចុះទៅពិនិត្យចំការបន្លែរបស់អ្នកស្រី សោម ឌៀត និងស្វាមី ហេង គង់ ដែលជាសមាជិកក្រុមកសិករគម្រោង CHAIN នៅក្នុងភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ អ្នកស្រីបាន
បញ្ជាក់ថា ដំណាំបន្លែគឺជាចំណូលចម្បងសម្រាប់គ្រួសាររបស់គាត់ ដូច្នេះលទ្ធភាពក្នុងការធ្វើការដាំដុះពេញ០១ឆ្នាំគឺមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់។ ហេតុនេះ កាលពីចុងឆ្នាំ២០១៧ ដោយទទួលបានការជួយឧបត្ថម្ភគាំទ្រពីគម្រោង គាត់បានសម្រេចចិត្តវិនិយោគធ្វើផ្ទះសំណាញ់នៅចំការក្រោយផ្ទះ ដើម្បីបង្កើនផលិតភាពផលិតកម្មឲ្យបានពេញ០១ឆ្នាំ ការពារសត្វល្អិត ជំងឺបំផ្លាញបន្លែ និងជាពិសេសកាត់បន្ថយការប្រើប្រាស់សារជាតិគីមី។ ហើយក្រៅពីផ្ទះសំណាញ់ គាត់ក៏បានដាំបន្លែនៅកន្លែង ០២ផ្សេងទៀតផងដែរ គឺនៅខាងក្រោយផ្ទះនិងជាប់អូរ។

ដោយសេចក្ដីរីករាយ និងមោទនៈចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រី និងស្វាមី រួមផ្សំជាមួយគុណ ប្រយោជន៍ដែលទទួលបានពីគម្រោង CHAIN និងការគាំទ្រពីមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កសិដ្ឋានបន្លែរបស់គាត់ត្រូវបានជ្រើសរើសជាកសិដ្ឋានបង្ហាញ សម្រាប់បង្ហាញអំពីពូជថ្មី និងធាតុចូលកសិកម្មរបស់ក្រុមហ៊ុនផ្គត់ផ្គង់ពូជ និងធាតុចូលកសិកម្មចំនួន ០២។ ការបង្ហាញនិងសាកល្បងទាំងអស់នេះ បានផ្តល់អត្ថប្រយោជន៍ បទពិសោធន៍ និងការយល់ដឹងជាច្រើនអំពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យា និងបច្ចេកទេសថ្មីទំនើបក្នុងការដាំដុះ ហើយក៏ជាទុន និងទំនុកចិត្តដ៏រឹងមាំក្នុងការសម្រេចបន្ថែមការវិនិយោគ តាមរយៈពង្រីកផ្ទៃដីដាំដុះរហូតដល់ ៧ ០០០ម៉េត្រការ៉េនៅរដូវប្រាំង និង ២ ៥០០ម៉ែត្រការ៉េនៅរដូវវស្សា។ ចំពោះប្រាក់ចំណូលវិញ លោកស្រីបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី និងសហការីជ្រាបថា សរុបក្នុងឆ្នាំ២០១៨ កន្លងទៅនេះ គឺប្រមាណជា ៨,៥ លានរៀល ដែលចំណូលនេះបានលើកកម្ពស់កម្រិតជីវភាពរបស់គ្រួសារគាត់យ៉ាងល្អប្រសើរ។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលគម្រោង ជាពិសេសកសិករគំរូទាំងពីរសម្រេចបាន។ ដើម្បីឲ្យការដាំដុះរបស់គាត់ទទួលបានលទ្ធផលកាន់តែជោគជ័យ លោកក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវបន្តផ្តល់កិច្ចសហការឲ្យបានកាន់តែជិតស្និទ្ធ និងជាប្រចាំជូនគាត់ និងប្រជាកសិករទូទាំងខេត្ត។ មួយវិញទៀត ត្រូវជំរុញការធ្វើទំនើបកម្មកសិកម្មទាំងមុនការដាំដុះរហូតដល់ប្រមូលផល សម្អាត វេចខ្ចប់ និងឃ្លាំងស្តុកត្រជាក់ និងផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលយន្តការទាំងអស់នេះហើយ ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា នឹងធានាដល់ផលិតភាពផលិតកម្ម បរិមាណ ទីផ្សារ និងតម្លៃ។ ហើយក៏ត្រូវបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ដៃគូអភិវឌ្ឍន៍ ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករយើង។

សូមជម្រាបជូនអំពីគម្រោង សាកវប្បកម្មកម្ពុជា ដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភ (CHAIN)៖ គឺដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ Swiss Agency for Development and Cooperation (SDC) សម្រាប់រយៈពេល០៨ឆ្នាំ នៅខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ចាប់ផ្តើមអនុវត្តពីខែធ្នូ ឆ្នាំ២០១៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដោយត្រូវអនុវត្តជា ០៣ដំណាក់កាល។ ដំណាក់កាលទី១ បានបញ្ចប់នៅខែវិច្ឆិកាឆ្នាំ ២០១៧ ហើយបច្ចុប្បន្នកំពុងអនុវត្តដំណាក់កាលទី២។ គោលបំណងសំខាន់នៃគម្រោងគឺ ធ្វើការសម្របសម្រួលនឹងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធទីផ្សារដែលបានបញ្ចូលគ្នានៅក្នុងវិស័យសាកវប្បកម្ម បន្លែសុវត្ថិភាព ពោលគឺផ្សាភ្ជាប់ក្រុមកសិករជាមួយវិស័យឯកជន ដូចជាក្រុមហ៊ុននាំចូលធាតុចូលកសិកម្ម ក្រុមហ៊ុនទិញបន្លែសុវត្ថិភាព អ្នកលក់ធាតុចូលក្នុងស្រុក និងអាជីវករទិញបន្លែ ជាដើម។ រួមជាមួយ ការលើកកម្ពស់ផលិតកម្មប្រចាំរដូវប្រកបដោយភាពវៃឆ្លាត និងសុវត្ថិភាព។

ក្នុងដំណាក់កាលទី១ គម្រោងផ្តោតទៅលើការកែលម្អរផលិតកម្មជាចំបង និងបន្ទាប់មកគឺតភ្ជាប់ទៅកាន់ទីផ្សារ។ ដោយឡែក ដំណាក់កាលទី២ គម្រោងយកចិត្តទុកដាក់ជាសំខាន់ទៅលើទីផ្សារ ការផលិតបន្លែសុវត្ថិភាពក្នុងស្រុក ដើម្បីប្រកួតប្រជែងជាមួយទីផ្សារនាំចូល និងបង្កើនជីវភាពរស់នៅរបស់កសិករខ្នាតតូច ដោយថ្មីៗនេះគម្រោងបានជួយបង្កើតស្តង់លក់បន្លែក្នុងស្រុកនៃខេត្តព្រះវិហារបានចំនួន០២ បង្កើតបណ្តុះអាជីវកម្មបន្លែ និងជម្រុញអោយមានកសិករគំរូក្នុងខេត្តគោលដៅទាំង៤ ដើម្បីចែករំលែកបទពិសោធន៍ ការផ្សព្វផ្សាយការច្នៃប្រឌិត និងបច្ចេកទេសទៅអោយកសិករដទៃទៀតក្នុងក្រុម ឬតំបន់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *