ព័ត៌មានជាតិ

មន្ត្រីអំពាវនាវពលរដ្ឋចូលរួមរាយការណ៍មកអាជ្ញាធរ ករណីរកឃើញក្រុមហ៊ុនបូមខ្សាច់ខុសម៉ោង និងខុសទីតាំងដែលក្រសួងអនុញ្ញាត

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល អំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋ ដែលរស់ក្នុងតំបន់ធ្វើអាជីវកម្មបូមខ្សាច់សំណង់ និងដីល្បាយខ្សាច់ ស្ថិតនៅឃុំពាមរាំង ឃុំសណ្ដារ ឃុំព្រែកដាច់ និងក្អមសំណ ស្រុកលើកដែក សូមរាយការណ៍មកអាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធ ប្រសិនបើឃើញក្រុមហ៊ុនបូមខ្សាច់ បូមខុសទីតាំង និងខុសម៉ោងដែលក្រសួងបានកំណត់ និងដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ដើម្បីឱ្យអាជ្ញាធរខេត្ត និងក្រសួងចាត់វិធានការលើ ក្រុមហ៊ុនបានទាន់ពេលវេលា។ នេះជាការអំពាវនាវរបស់ឯកឧត្តម ឌិត ឌីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ក្នុងវេទិការផ្សព្វផ្សាយអំពីការធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់នៅតាមដងទន្លេមេគង្គក្រោម នៅឃុំពាមរាំង ឃុំសណ្ដារ ឃុំព្រែកដាច់ និងក្អមសំណ របស់ស្រុកលើកដែក ខេត្តកណ្តាល កាលពីពេលថ្មីៗនេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា អាជ្ញាធរឃុំទាំង ៤ នឹងទទួលបាននូវផែនទី និងទីតាំងច្បាស់លាស់ស្តីពីការបូមខ្សាច់ក្នុងភូមិសាស្ត្ររបស់ខ្លួន ដូច្នេះអាជ្ញាធរឃុំទាំង៤ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានដឹងច្បាស់អំពីទីតាំងទាំងនេះ ហើយការបូមខ្សាច់ គឺចាប់ពី ម៉ោង ៦ព្រឹក ទៅដល់ម៉ោង ៦ល្ងាច គឺមិនអនុញ្ញាតឱ្យធ្វើការបូម លើសម៉ោងដែលក្រសួងបានកំណត់ឡើយ។ ក្នុងករណីរកឃើញសកម្មភាពល្មើស ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានសំណូមពរឱ្យប្រជាពលរដ្ឋត្រូវរាយការណ៍ភ្លាមៗ មកក្រសួងតាមរយៈលេខទូរសព្ទ 095 727 727 ហើយរាល់ការប្តឹងរបស់បងប្អូនប្រជាពលរដ្ឋ គឺត្រូវបានរក្សាការសម្ងាត់។

បើតាមឯកឧត្តម ឌិត ឌីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ការបូមខ្សាច់បែបអណាធិបតេយ្យគ្មានអាជ្ញាបណ្ណត្រឹមត្រូវពីស្ថាប័នជំនាញ គ្មានបច្ចេទេសដែលមិនបានសិក្សាពីជម្រៅ និងចរន្តទឹកហូររបស់ទន្លេ ជាកត្តាដែលបង្កឱ្យមានការបាក់ច្រាំង។ ការបូមខ្សាច់តាមបែបបច្ចេកទេស គឺមិនធ្វើឱ្យមានការបាក់ច្រាំង និងមិនផ្តល់ផលប៉ះពាល់ដល់ទន្លេទេ តែថែមទាំងជួយដល់ទន្លេឱ្យមានជម្រៅជ្រៅ ធ្វើឱ្យចរន្តទឹករត់ត្រូវគន្លង ជៀសផុតពីការបាក់ច្រាំងទៀតផង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *