ព្រឹកស្អែកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន ៣លានដូសទៀត នឹងដឹកមកដល់កម្ពុជា
នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ចំនួន ៣លានដូសទៀត នឹងដឹកមកដល់កម្ពុជា ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយវ៉ាក់សាំងទាំងនេះ ទុកសម្រាប់ចាក់ជូនកុមារអាយុ ៦ឆ្នាំដល់ ១២ឆ្នាំ និងសម្រាប់ចាក់ដូសជំរុញ ជូនមនុស្សពេញវ័យ។ នេះបើតាមការឲ្យដឹងរបស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ជាមួយគ្នានេះ លោកជំទាវ ក៏បានបញ្ជាក់ដែរថា នៅក្នុងខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ កម្ពុជាយើងក៏នឹង ទទួលបានវ៉ាក់សាំងជាជំនួយរបស់មិត្តចិន ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ចំនួន ៣លានដូសបន្ថែមទៀត ផងដែរ។
គិតមកដល់ពេលនេះ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងបង្ការការពារមេរោគកូវីដ-១៩ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនចំនួន ២៦លាន ៨ សែនដូសហើយ។
សូមជម្រាបថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,០៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៧៨,៦៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ ៕