AdsTopព័ត៌មានជាតិ

ក្រសួងអប់រំរក្សាជំហរ បន្ត​បិទសាលារៀន រហូត​ដល់​មានការជូនដំណឹងជាថ្មី

ក្នុង​កិច្ច​ប្រជុំ​តាមប្រព័ន្ធអនឡាញ​កាលពី​រសៀលថ្ងៃទី២៣ ខែមិថុនា រវាង​ក្រសួងអប់រំ និង​ផ្នែកឯកជន ស្តីពីការ​បើក​សាលារៀន​ឡើងវិញនោះ ទីបំផុត​ក្រសួង​នៅ​តែរក្សា​ជំហរបន្តផ្អាក​គ្រឹះស្ថាន​សិក្សា​សាធារណៈ និងឯកជន នៅទូទាំង​ប្រទេស​ដដែល រហូត​ដល់​មាន​ការ​ជូនដំណឹង​ជាថ្មី។

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា ចំពោះមុខនេះ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវបន្តការបង្រៀន និងរៀនពីចម្ងាយ និងតាមអនឡាញ ស្របនឹងគន្លងជីវិតថ្មីនៃវិស័យអប់រំ។ តែយ៉ាងណាចំពោះសំណើររបស់ផ្នែកឯកជន និងសេចក្តីព្រាងនៃសេចក្តីណែនាំស្តីពីការបង្រៀន និងរៀនតាមបែបចម្រុះសម្រាប់គ្រឹះស្ថានសិក្សាឯកជន ឆ្នាំសិក្សា ២០២០–២០២១ ក្រសួងនឹងស្នើ​ទៅ​ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការ នៃគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីពិនិត្យនិងសម្រេច។

សូម​​បញ្ជាក់ថា សំណើរបស់​វិស័យឯកជនដែលបានស្នើ​ដល់​ក្រសួងអប់រំនោះ រួម​មាន៖

ទី១. សំណើសុំបើកសាលារៀនឡើងវិញ ដោយថ្នាក់ឧត្តមសិក្សា និងថ្នាក់ k-12 រៀនជាលក្ខណៈ online plus ដូចគ្នាដែលមានការទទួលខុសត្រូវរបស់សាលានីមួយៗ។

ទី២. សំណើរសុំបិទត្រឹមទីតាំងដែលកើតមានជំងឺកូវីដ១៩ ឬទីតាំងដែលសង្ស័យដែលកើតមានជំងឺកូវីដ១៩ ចំពោះតែថ្នាក់ឬទីតាំងជាក់លាក់ណាមួយដែលមានកើតជំងឺកូវីដ១៩ ឬដែលសង្ស័យកើតជំងឺកូវីដ១៩ ជាជាងការបិទសាលាទាំងមូលតែម្ដង។

ទី៣.សំណើសុំចាក់វ៉ាក់សាំងឲ្យបានពេញលេញចំពោះសិស្ស និស្សិត និងបុគ្គលិកអប់រំផ្នែកឯកជន។

ទី៤. សំណើសុំធនាគារជាតិ នៃកម្ពុជាបន្ថយអត្រាការប្រាក់ ពិសេសស្នើសុំបន្ថយអត្រាការប្រាក់កាតព្វកិច្ចចំពោះធនាគារឯកជនដើម្បីឲ្យធនាគារឯកជនមានលទ្ធភាពបន្ថយអត្រាការប្រាក់មកដល់គ្រឹះស្ថានអប់រំឯកជន និងស្នើសុំពន្យារពេលនៃការសងត្រឡប់វិញ។

ទី៥. សំណើសុំផ្អាកការបង់ថ្លៃសេវាបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស ។

ទី៦.សំណើសុំបង្កើតល្បឿនអ៊ីនធឺណិតសម្រាប់វិស័យអប់រំ

និង ទី៧. សំណើសុំព្យួរការបង់ពន្ធកាត់ទុកលើប្រាក់បៀវត្សបុគ្គលិកអប់រំផ្នែកឯកឯកជន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *