ព័ត៌មានជាតិ

ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រនៅលើភ្នំបូកគោនឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សាសនាដ៏ធំលើពិភពលោក

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានលើកឡើងថាព្រះពុទ្ធប្បដិមាលើកំពូលភ្នំបូកគោ នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សាសនាដ៏ធំនៅកម្ពុជា និងលើពិភពលោក ដែលអាចទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ទៅកម្សាន្តក្រោយសាងសង់រួច។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានដកស្រង់សំដីរបស់លោក ជា សុផារ៉ា ក្នុងពិធីបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រធំ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ថា ទន្ទឹមនឹងការអភិវឌ្ឍលើភ្នំបូកគោ ក្រុមហ៊ុនសុខាបានយកចិត្តទុកដាក់ លើវិស័យជំនឿសាសនា ដែលជាវប្បធម៌ទំនៀម ទម្លាប់ប្រពៃណីដ៏ផូផង់របស់ប្រជាពលរដ្ឋខ្មែរយូរលង់ណាស់មកហើយ។

លោកបានឱ្យដឹងថា ការផ្តួចផ្តើមសាងសង់ព្រះពុទ្ធប្បដិមាដ៏ធំមួយអង្គ នៅលើខ្នងភ្នំបូកគោនេះ ដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធសាសនិក ប្រតិបត្តិធម៌ ឧទ្ទិសសុំសេចក្តីសុខ សន្តិភាព សេចក្តីចម្រើនរុងរឿង លើសពីនេះព្រះពុទ្ធប្បដិមា ដែលសាងសង់នេះ មានកម្ពស់ខ្ពស់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្ថិតនៅក្នុងចំណោមព្រះពុទ្ធប្បដិមាដ៏ខ្ពស់ៗនៅលើពិភពលោកផងដែរ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់សុខាអូតែល ដែលបានរួម ចំណែកយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍតំបន់រមណីយដ្ឋានបូកគោ និងបានផ្តួចផ្តើមសាងសង់ ព្រះពុទ្ធប្បដិមានេះឡើង ដែលនឹងក្លាយទៅ ជាមជ្ឈមណ្ឌលទេសចរណ៍ព្រះពុទ្ធសាសនា ដ៏ធំមួយនៅព្រះរាជាណា ចក្រកម្ពុជានិងពិភពលោក»។

គួរបញ្ជាក់ដែរថា ព្រះពុទ្ធប្បដិមានេះ សាងសង់នៅលើខ្នងភ្នំបូកគោ ដែលមានកម្ពស់ ៩៦២ម៉ែត្រ ពីផ្ទៃសមុទ្រក្នុងភូមិសាស្រ្តវាលស្រែ ៥០០ និងឧទ្យានជាតិព្រះមុនីវង្សបូកគោ ដោយសាងសង់ពីបេតុងអាមេ មានពណ៌មាស ដោយគម្រោងសាងសង់នេះចំណាយថវិកាប្រមាណ ៣០លានដុល្លារ នឹងប្រើរយៈពេល ៤ឆ្នាំ ដើម្បីបញ្ចប់គម្រោង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *